(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ ដល់សត្វពាហនៈរបស់ ប្រជាពលរដ្ឋ ឱ្យបានគ្រប់ចំនួនទៅតាមផែនការ៤,៥៦៥ក្បាល ពីព្រោះរដូវនេះ មានភ្លៀងធ្លាក់ច្រើន អាចបង្កឱ្យសត្វមានជម្ងឺបាន។
ការជំរុញបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកចុះពិនិត្យមើល ការចាក់ថ្នាំវ៉ាក់សាំងបង្ការ ដល់សត្វពាហនៈ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ លោក ផាន់ ចាន់ធុល បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណង ដើម្បីការពារកុំអោយសត្វចិញ្ចឹម (គោ ក្របី) នេះឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសបន្តិច អាចឱ្យសត្វគោ ក្របី ឈឺស្លាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហារចាក់ថ្នាំបង្ការនេះទេ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំនេះ ហើយជាកត្តាដ៏ចម្បងដែលបណ្តាលអោយផ្ទះជំងឺ អ៊ុតក្តាម នាពេលកន្លងមកក្នុងឆ្នាំ២០១៧ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បណ្តាលឱ្យសត្វគោជាង ២០០ក្បាល បានឈឺជាបន្តបន្ទាប់ ហើយអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះព្យាបាល និងធ្វើទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានយកសត្វមកចាក់ចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺនាពេលនេះ សូមជួយផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមិនទាន់បានចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺសត្វ គោ ក្របី របស់ពួកគាត់ ហើយមន្រ្តីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនឹងបន្តចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ ដល់សត្វពាហនៈជូលប្រជាពលរដ្ឋ ដល់មូលដ្ឋានតែម្តង ដោយមិនគិតប្រាក់ឡើយ។
តើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាន ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ក្របី ត្រូវចេះតាមដានពីអារៈជំងឺសត្វរបស់ពួកគាត់ឱ្យបានទៀងទាត់ ដើម្បីឱ្យដឹងពីស្ថានភាពជំងឺរបស់សត្វ ជាពិសេសត្រូវប្រញាប់ ជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឱ្យមន្រ្តីបសុពេទ្យ ឬពេទ្យភូមិធ្វើការចុះមកព្យាបាលបានទាន់ពេលវេលា ជាសវាងទុកបណ្តោយរហូតដល់សត្វងាប់ ដែលនាំឱ្យខាត់បង់សេដ្ឋកិច្ចក្រុមគ្រួសារ។
បើតាមការបញ្ជាក់របស់លោក ខៀវ សុថុន ប្រធានការិយាល័យផលិកម្ម និងបសុព្យាបាលខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្នខេត្តប៉ៃលិន មានសត្វគោ ប្រមាណជាង ៨,០០០ក្បាល ហើយក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ មន្រ្តីជំនាញបសុព្យាបាលខេត្ត បានចុះចាក់វ៉ាក់សាំង ការពារជម្ងឺសត្វគោ ក្របី បានចំនួន ៤,៥៦៥ក្បាល ក្នុងនោះជម្ងឺសារទឹក ចំនួន២,៩២៥ក្បាល និងជម្ងឺអុតក្តាម ចំនួន១,៦៤០ក្បាល៕