(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា យើងហូបនំបញ្ចុកនៅថ្ងៃនេះ ដើម្បីសាមគ្គីភាព និងសន្តិភាព។ នំបញ្ចុក គឺជាម្ហូបប្រពៃណី។ យើងហូបនំបញ្ចុកមិនយកធ្វើនយោបាយ ដូចក្រុមគេដែលប្រកាន់បក្សពួកទេ។ យើងចង់បង្ហាញថា យើងស្រឡាញ់វប្បធម៌ប្រពៃណី។ ទៅអនាគតយើងចង់លើកតម្លៃនំបញ្ចុក ឲ្យទៅជាវត្ថុបំណងទេសចរណ៍។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី គឺក្នុងឱកាសដែលលោក អញ្ជើញចូលរួមពិធីពិសានំបញ្ចុកសាមគ្គីភាព និងសន្តិភាព នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយរំពារ និងឃុំភារីមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងនោះ ក៏មានការចូលរួមពី សំណាក់អស់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយស្រុក ឃុំក្នុងស្រុកបរសេដ្ឋ ថ្នាក់ដឹកនាំឃុំ ភូមិ ប្រជាការពារ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ផងដែរ។

លោកទេសរដ្ឋមន្រ្តីបានថ្លែងបន្តថា នេះជាការលើកតម្លៃប្រពៃណី វប្បធម៌ជាតិ។ យើងមិនលាបពណ៌ ដូចជាក្រុមអ្នកដែលកំពុងចង់បំផ្លាញសន្តិភាពទេ។ ពួកប្រឆាំងមានជម្រើស២គឺ : ១) ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ២០២២ និង២០២៣ និង ២) បើបង្កឲ្យមានការបះបោរក្នុងចេតនា ផ្តួលរំលំរាជរដ្ឋាភិបាលផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលនាំឲ្យចលាចលប៉ះពាល់ដល់សន្តិភាពនោះ នឹងទទួលរងនូវការបង្រ្កាបជានិច្ច។

បន្ទាប់មក លោកទេសរដ្ឋមន្ត្រី ក៏បានពិសានំបញ្ចុកយយ៉ាងឆ្ងាញ់ និងដោយសប្បាយរីករាយ ក្នុងកម្មវិធីទាំងពីរខាងលើផងដែរ៕