(ភ្នំពេញ)៖ រលំផ្ទាំងសំយ៉ាបប្លង់សេបណ្ដាលឲ្យធ្លាក់សង្កត់បុរសជាមេជាងម្នាក់ស្លាប់ និងកម្មករម្នាក់ទៀតរងរបួស នៅក្នុងការដ្ឋានសំណង់ គ្លីនិកអង្គការរ៉ាក់មួយកន្លែង ស្ថិតនៅជាប់កែងស្តុបតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។
មន្ត្រីនគរបាលមូលដ្ឋានបញ្ជាក់ថា ជនរងគ្រោះជាមេជាងសំណង់ដែលបានស្លាប់ ក្នុងហេតុការណ៍បាក់រលំផ្ទាំងសំយ៉ាបប្លង់សេសង្កត់ពីលើនេះ ឈ្មោះ រ៉ន ខុម អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានខាងលើ និងស្រុកកំណើតក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ម្នាក់ទៀតរងរបួសស្រាល ឈ្មោះ វ៉ាន់ តួ អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងការដ្ឋាននេះ និងមានស្រុកកំណើតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលដដែលនេះបញ្ជាក់ទៀតថា បើម្ចាស់ការដ្ឋានគ្លីនិកអង្គការរ៉ាក់ និងមេការសំណង់ មិនចេញមុខមកទទួលខុសត្រូវលើហេតុការណ៍ ដែលបានកើតឡើងបណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសនេះទេ ប្រាកដជាត្រូវប្រឈមវិធានផ្លូវច្បាប់មិនខានឡើយ ព្រោះត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំដីកាតាមចាប់ខ្លួន។
បើតាមស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះជាមេជាង ដែលបានស្លាប់ឈ្មោះ ឆែម រ័ត្ន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានឡើងទៅលើអាគារផ្ទះជាន់ទី២ ដើម្បីទាញខ្សែទុយោទឹកប្រយោលគ្រោងទុករៀបឥដ្ឋ និងបូក ខណៈកំពុងតែធ្វើសុខៗ ស្រាប់តែបាក់ដួលរលំសំយ៉ាបបេតុងមួយផ្ទាំងធំ ដែលទើបតែដោះជន្ទុលចេញកាលពីម្សិលមិញប៉ុណ្ណោះ នៅជាន់ទី៣ បណ្ដាលឲ្យធ្លាក់មកសង្កត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យវាយតម្លៃតាមជំនាញ និងប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខេត្តកំពង់ធំ៕