(តាកែវ)៖ មន្រ្តីនគរបាលថ្នាក់ឧត្តមសេនីយ៍ផ្កាយមួយ ឈ្មោះ ឆាន សិទ្ធី ដែលបានអះអាងថា មានតួនាទីជាអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោកព្រះរាជអាជ្ញារង ទេព មុនិន្ទ ចេញដីកាកោះដើម្បីធ្វើការសាកសួរ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក អំពីដំណើររឿង គំរាមកំហែងថា នឹងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌ និងបទគំរាមកំហែងដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមបណ្តឹងរបស់កម្មករផ្នែកគ្រឿងចក្រមួយក្រុម នៃក្រុមហ៊ុនមួយ។ នេះបើយោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញាខេត្តតាកែវ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រុមកម្មករផ្នែកគ្រឿងចក្រចំនួន៤រូប បានប្តឹងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយប្តឹងឈ្មោះ ឆាន សិទ្ធី និងបក្សពួក ដែលមានដំណើររឿងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៖០០នាទីរសៀល ពួកគាត់បានប្រើប្រាស់គ្រឿងចក្រចំនួន០៤គ្រឿង ដើម្បីចុះស្ដារប្រឡាយមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្ដតាកែវ។
ខណៈដែលកំពុងតែធ្វើការក៏ស្រាប់តែលោកផ្កាយពីរឈ្មោះ ឆាន សិទ្ធី និងបក្សពួក បានមកធ្វើសកម្មភាពហាមឃាត់ និងបានដកហូតសោរគ្រឿងចក្រ (អ៉ិចស្ការទ័រ) របស់ពួកគាត់អស់ចំនួន២គ្រឿង ព្រមទាំងបានស្រែកគំរាមកំហែងខ្លាំងៗ ជាហេតុធ្វើឲ្យពួកគាត់មានការភ័យខ្លាច ក៏បានផ្អាកសកម្មភាពតាមការគំរាមកំហែងរបស់ឈ្មោះ ឆាន សិទ្ធី និងបក្សពួក។ មួយសន្ទុះក្រោយមក បុគ្គលឈ្មោះ ឆាន សិទ្ធី បានបញ្ជាឱ្យបក្សពួករបស់ខ្លួនចំនួនពីរនាក់ មកប៉ុនប៉ងដុតកម្ទេចគ្រឿងចក្ររបស់ពួកគាត់ ដោយបក្សពួកខាងលើ បានមកស្រែកគំរាមថា «យកដបសាំងមកដុតអាអ៉ិចហ្នឹងចោល...» ជនបង្កទាំង២រូបនេះ មានម្នាក់បានកាន់នូវកាំបិតផ្គាក់ និងម្នាក់ទៀតកាន់ដបសាំងផងដែរ។
ជាមួយគ្នានេះជនទាំងពីរនាក់ខាងលើ បានធ្វើនូវសកម្មភាពគំរាមដល់ពួកគាត់ ដោយបានយកដបប្រេងសាំងនោះបោក និងដុតទៅលើព្រៃដែលនៅជិតនឹងគ្រឿងចក្រ ស្ថិតនៅក្បែរការដ្ឋានរបស់ពួកគាត់។ នៅពេលនោះដោយមានការភ័យខ្លាចខូចខាតនូវទ្រព្យសម្បត្ដិ ពួកគាត់ក៏បានបញ្ឈប់នូវសកម្មភាព និងបានបញ្ជៀសនូវគ្រឿងចក្រ ទៅកន្លែងមានសុវត្ថិភាព។ លុះស្អែកឡើងគឺនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ម៉ោងប្រហែលជា ៧៖០០នាទីព្រឹក ពួកគាត់ក៏បានសម្រេចដាក់គ្រឿងចក្រចុះបន្ដការងារ ស្ដារប្រឡាយនោះទៀត ក៏ស្រាប់តែជនបង្កខាងលើ គឺបុគ្គលឈ្មោះ ឆាន សិទ្ធី ដដែល បានមកគំរាមកំហែងជាថ្មីម្តងទៀត ដើម្បីឲ្យពួកគាត់បញ្ឈប់សកម្មភាពកាយប្រឡាយនេះ តទៅទៀត ដោយបានគំរាមថា បើមិនឈប់ទេ គាត់នឹងបាញ់សម្លាប់ពួកគាត់ជាអាទិ៍ ដែលនៅពេលនោះគាត់ក៏មានកាំភ្លើងមួយដើមជាប់នឹងចង្កេះមកជាមួយផងដែរ។
បន្ថែមពីបណ្តឹងរបស់កម្មករទាំង៤នាក់ ខាងលើឈ្មោះ ឆាន សិទ្ធី ក៏ត្រូវបានប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅក្នុងភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្ដតាកែវ ប្តឹងទៅអាជ្ញាធរស្រុកបាទី និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ដើម្បីទប់ស្កាត់កុំឲ្យឈ្មោះ ឆាន សិទ្ធី យកដីប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផល តាំងពីឆ្នាំ១៩៩៧ ទៅចុះបញ្ជីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋខាងលើ ការស្នើសុំចុះបញ្ជីកម្មសិទ្ធិរបស់ឈ្មោះ ឆាន សិទ្ធី ដោយរំលោភលើដីដែលកាន់កាប់ និងអាស្រ័យផលរបស់ពួកគាត់គឺជាដីចំណីប្រឡាយ ដែលជាដីរដ្ឋគ្រប់គ្រងដោយការិយាល័យធនធានទឹកស្រុកបាទី ដោយប្រឡាយខាងលើ ត្រូវបានរក្សាទុកប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំកសិកម្ម (ស្រូវប្រាំង) របស់ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ។
ការស្នើសុំចុះបញ្ជីកម្មសិទ្ធិរបស់ឈ្មោះ ឆាន សិទ្ធី លើដីរដ្ឋខាងលើនេះ អាចមានការឃុបឃិតជាមួយនឹងមន្រ្តីមូលដ្ឋាន ក៏ដូចជាមន្រ្តីជំនាញមួយចំនួនផងដែរ នឹងគួរត្រូវបានទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រុមកម្មករ និងប្រជាពលរដ្ឋជាជនរងគ្រោះ កំពុងរង់ចាំមើលអំពីចំណាត់ការរបស់ស្ថាប័នតុលាការ អាជ្ញាធរមូលដ្ឋាន រួមទាំងមន្រ្តីជំនាញចំពោះទង្វើរបស់ឈ្មោះ ឆាន សិទ្ធី ដែលល្បីខាងប្រើប្រាស់អំណាច បុណ្យសក្កិ និងឥទ្ធិពលរបស់ខ្លួនក្នុងការគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោកឧត្តមសេនីយ៍ត្រី ឆាន សិទ្ធី បាននោះទេនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ៕