(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាល នៃធនាគាជាតិកម្ពុជាបានថ្លែងថា វិស័យព្រះពុទ្ធសាសនាពិសេសវត្តអារាម មិនគ្រាន់តែជាមូលដ្ឋានសំខាន់ ក្នុងការផ្ដល់ឲ្យនូវចំណេះដឹងផ្នែកផ្លូវធម៌ ដល់កុលបុត្រកូនខ្មែរតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដល់ការជឿងជាក់ដល់ពលរដ្ឋចំពោះ វិស័យព្រះពុទ្ធសាសនាថែមទៀតផង។
ការលើកឡើងបែបនេះរបស់លោកទេសាភិបាល ធ្វើឡើងក្នុងឱកាសលោក និងលោកស្រី ខៀវ ស៊ីណា អញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវការអគារពុទ្ធិកមឋមសិក្សា និងសមិទ្ធផលនានាវត្តក្រយាស្ថិតភូមិក្រយាឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកទេសាភិបាល បញ្ជាក់ថា ដោយសារតែវិស័យព្រះពុទ្ធសាសនាមានតួនាទីសំខាន់ ទើបបច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បានចូលរួមកាន់តែច្រើនឡើងៗ ក្នុងការក្នុងការកសាង សមិទ្ធផលនានា និងការទ្រទ្រងក្នុងវិស័យព្រះពុទ្ធសាសនា គ្រប់ទីវត្តអារាមនៅទូទាំងប្រទេស។
លោកបន្ថែមថា តាមរយៈសកម្មភាពនេះជាការបង្ហាញឲ្យឃើញឆន្ទៈដ៏មុះមុត ល្អប្រសើរ ប្រកបដោយសីលធម៌ គុណធម៌របស់ប្រជាជាតិកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនោះផងដែរ។ ជាមួយនេះការរីកចម្រើននៃវិស័យពុទ្ធចក្រ ក៏ជាកញ្ចក់ឆ្លុះបញ្ចំងឲ្យឃើញថា កម្ពុជាកំពុងតែរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ហើយវិស័យទាំងពីរនេះក៏បានដើរទន្ទឹមគ្នា។
លោក ជា ចាន់តូ បញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី, ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះ រួមមានទាំងវិស័យពុទ្ធចក្រផងដែរ។
លោកបន្ថែមថា ជាក់ស្តែងសមិទ្ធផលដែលមាននៅក្នុងវត្តក្រយានេះ កើតឡើងពីកំលាំងសាមគ្គីពី សប្បុរសជន និងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ហើយអគារសាលាពុទ្ធិកបឋមសិក្សាថ្មីនេះពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែក និងការជឿជាក់របស់សមាគមន៍ ពុទ្ធសានិកអន្តរជាតិ UDUM MARAMISSON ប្រទេសម៉ាឡេស៊ីមកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចការមើលឃើញពី ការរីកចម្រើនលើវិស័យព្រះសាសនានៅកម្ពុជានោះដែរ។
លោកបណ្ឌិត អ៊ុង ស៊ីយូ ប្រធានសមាគមន៍ព្រះសាសនា UDUMBARA MISSOINN បានបន្ថែមថា ការកសាងសាលាពុទ្ធិកបឋមសិក្សានេះ មិនគ្រាន់តែជួយលើការបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានចំណេះដឹងនោះទេ ប៉ុន្តែបានជួយពង្រឹងសាមគ្គីភាព និងធ្វើឲ្យសង្គមកាន់តែរឹងមាំទៀតផង។
ឃោសាចារ្យបណ្ឌិត ឃី សវណ្ណរតនា និងព្រះមុនីកោសល យ៉ន សេងយៀក ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានមានសង្ឃដីកាថា ការសិក្សាបណ្តុះបណ្តាលសាមណសិស្ស ក្នុងវិស័យព្រះពុទ្ធសាសនាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចំណេះដឹងដល់សមណសិស្សគ្រប់អង្គ ព្រោះវិស័យសាសនាបានកំពុងចាក់ឫស យ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីខ្មែរ ក្នុងការគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូបដើរតែក្នុងផ្លូវល្អ។
ឃោសាចារ្យបណ្ឌិត ឃី សវណ្ណរតនា និងព្រះមុនីកោសល យ៉ន សេងយៀក មានសង្ឃដីការបន្ដទៀតថា ដូចនេះសាលាពុទ្ធិកសក្សាក្រយាត្រូវបន្តខិតខំប្រឹងប្រែង និងគ្រប់គ្រងសមណសិស្សក៏ដូចជា ឧទ្ទេសាចារ្យប្រព្រឹត្តឲ្យបានល្អប្រសើរ និងហ្មត់ចត់នៅក្នុងការបង្រៀន ឲ្យស្របតាមកម្មវិធីសិក្សាដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងក្រសួងធម្មការដាក់ចេញឲ្យប្រកដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕