(ភ្នំពេញ)៖ លោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែកដឹកនាំប្រទេសធ្វើឲ្យប្រជាជនបានរស់នៅប្រកបដោយសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខផ្លូវការចិត្ត សេដ្ឋកិច្ចរីកចម្រើន សាសនាត្រចះត្រចង់។

ការថ្លែងបែបនេះរបស់លោកធ្វើឡើងក្នុងឱកាស ប្រគល់រង្វាន់ដល់ជ័យលាភីជាសិស្សពូកែនៅទូទាំងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ចំនួន ១២០នាក់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាល័យបឹងធំ។

លោក ប៊ុន សំបូរ បន្ថែមថា នេះជាឆ្នាំទី ២០ ហើយដែលក្រុមគ្រួសារលោក រួមនឹងសប្បុរសជនបានរៀបចំពិធីនេះឡើង ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗឲ្យបន្តខិតខំសិក្សា ដើម្បីមានចំណេះដឹងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អទាំងពេលបច្ចុប្បន្ន និងពេលអនាគត ហើយលោកក៏បានលើកឡើងនូវដំបូន្មានល្អៗ របស់ព្រឹទ្ធាចារ្យជំនាន់មុនមកចែកជូនក្មួយៗគ្រាន់យកជាគំរូ និងទុកត្រិះរិះពិចារណា។

លោករដ្ឋលេខាធិការបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗទាំងអស់ដែលលោកតែងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកបានជម្រាបជូនដល់អង្គពិធីអំពីសភាការណ៍នយោបាយថ្មីរបស់ប្រទេសជាតិ ដែលកំពុងមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលទន្ទឹមនេះ រាជរដ្ឋាភិបាលក៏កំពុងកំណែទម្រង់ការងារជាច្រើនសំដៅឲ្យការដឹកនាំកាន់តែមានប្រសិទ្ឋភាព និងអភិបាលកិច្ចល្អ។

លោកបានជម្រាបជូនពី លទ្ឋផលខ្ទេចខ្ទាំ វិនាសព្រាត់ប្រាស់ ស្លាប់ជីវិតមនុស្សរបស់ប្រទេសមួយចំនួនដូចជា សេរី អេហ្សីប ទុយនេស៊ី... ដែលទទួលរងដោយសារបដិវត្តន៍ព័ណ៌ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជៀសវាង ចូលរួម ឬជឿតាម ការធ្វើបដិវត្តន៏ព័ណ៌នេះ។

លោកបានបន្ថែមថា បុព្វបុរសខ្មែរបានទូន្មានឲ្យយកចិត្តទុកដាក់ចំពោះមនុស្សដែលជាអ្នកមានគុណទំាងអស់មាន៥ប្រភេទគឺ៖ គុណឳពុក គុណម្តាយ ឬអាណាព្យាបាល គុណព្រះមហាក្សត្រឬអ្នកដឹកនាំប្រទេស គុណគ្រូបាធ្យាយ និងគុណញាតិមិត្តជិតឆ្ងាយដែលបានជួយទុក្ខធុរៈរបស់ខ្លួន ហើយចំពោះជាក់ស្តែងវិញនៅប្រទេសកម្ពុជានេះនាសម័យប៉ុលពត យើងទំាងអស់គ្នាបានបួងសួងសូមឲ្យមានអ្នកជួយរំដោះយើងឲ្យរួចចាកផុតទុក្ខវេទនានោះដោយ
ពេលនោះមានតែគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចប្រមុខរាជរដ្ឋាភិបាលបានចេញតស៊ូដឹកនាំការរំដោះប្រទេស ការពារ និងអភិវឌ្ឍន៏សង្គមជាតិយើងបានដូចសព្វថ្ងៃនេះ ។

លោករដ្ឋលេខាធិការ បានរំលឹកសិស្សានុសិស្សត្រូវខិតខំយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ ត្រូវរៀនហើយរៀនទៀត ការសិក្សាមិនមានពេលបញ្ចប់ទេ ហើយឪពុកម្តាយក៏ត្រូវអប់រំបន្ថែម។

ក្នុងនោះលោក និងលោកស្រី និងសប្បុរសជនបានជូនរង្វាន់សិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ចំនួន១៣០នាក់ សិស្សានុសិស្សចូលរួម៤១៩នាក់នូវថវិកា សម្ភារៈសិក្សា សម្លៀកបំពាក់ លោកគ្រូអ្នក គ្រូឆ្នើម ៤ នាក់ នូវកង់ម្នាក់១ លោកយាយ លោកតា មាតាបិតាអាណាព្យាបាលសិស្សចូលរួម១៥០ នាក់ក្នុងម្នាក់ៗថវិកា ២០០០០រៀល លោកគ្រូ អ្នកគ្រូ ប្រជាការពាថវិកាមួយចំនួនផងដែរ។ ក្នុងឱកាសនោះក៏មានការចាប់ឆ្នោទូរសព្ទ័ចំនួន ១០ គ្រឿង និងស្ពីកឃ័រ ( speaker)១០គ្រឿង និងថវិកា១៤០០ដុល្លាផងដែរ៕