(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយពីឆែកឆេររកឃើញថ្នាំញៀនចំនួន៥១៩កញ្ចប់ និងសម្ភារមួយចំនួនទៀត។
ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចផ្លូវរថភ្លើងR6 ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ កម្លាំងជំនាញបានបើកការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយច្បាប់បានចំនួន ៥នាក់ ដកហូតវត្ថុតាងមួយចំនួនរួចមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, ដាវកែឆ្នៃចំនួន១ដើម, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង, ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-0041 និងប្រាក់រៀលចំនួន៣២០០០រៀល។
ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៥នាក់ ទៅកាន់អធិការនគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕