(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះថា មកទល់នឹងព្រឹកនេះ មិនមានករណីប្រជាពលរដ្ឋណាម្នាក់ ពុល រាគក្អូត ដោយសារពិសានំបញ្ចុកនោះឡើយ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា «ក្រសួងសុខាភិបាល យើងបានត្រៀមរួចជាស្រេច ក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង បើមានករណីរាគក្អួត ពុល ដោយសារទទួលទាននំបញ្ចុក និងចំណីអាហារផ្សេងៗ តែមកទល់នឹងពេលនេះ គ្មានប្រជាពលរដ្ឋយើងមួយរូបណា ពុលរាគក្អួត មកកាន់មន្ទីរពេទ្យយើងទូទាំងប្រទេស»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង លោកបានចាត់ចែងការងារដល់មន្ដ្រីយើងទូទាត់ប្រទេស ឱ្យចុះអប់រំប្រជាពលរដ្ឋជាប្រចំា ជាពិសេសក្នុងអំឡុងពិសានំបញ្ចុកសាមគ្គី នៅថ្ងៃទី០៩ ខែមិថុនាម្សិលមិញនេះ គឺមន្ដ្រីយើងចុះទៅអប់រំ ទៅដល់អ្នកលក់ អ្នកធ្វើនំ និងអ្នកបរិភោគ ពីការប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច ទាំងនំ បន្លែ និងចំណីអាហារផ្សេងៗទៀត ដើម្បីធានាបាននូវសុខុមាលប្រជាជនយើង»។
ជាមួយគ្នានេះដែរ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ -សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា «មកទល់នឹងព្រឹកនេះ ពេទ្យយើងគ្មានករណី រាគ ចុក ក្អួត និងពុលដោយសារអាហារណាមួយឡើយនោះទេ តែយើងនៅតែត្រៀមជាប់ជានិច្ច ដើម្បីសង្គ្រោះព្យាបាលប្រជាពលរដ្ឋយើង»។
នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ លូ លីឃាង ក៏បានថ្លែងបញ្ជាក់ផងដែរ «មន្ទីរពេទ្យព្រះអង្គឌួងយើង មកទល់នឹងព្រឹកនេះ ក៏គ្មានករណីបងប្អូនប្រជាពលរដ្ឋយើងណាមួយ ពុល រាគ ក្អួត ដោយសារនំបញ្ចុកនេះដែរ» ។
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជានិច្ចជាកាល តែងតែចាត់ឱ្យមន្ត្រីក្រុមការងារ ចុះធ្វើការអប់រំដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យគ្រប់ពេលបរិភោគ និងចាត់ចែងក្រុមការងារទូទាំងប្រទេសត្រៀមជានិច្ច ក្នុងការព្យាបាលប្រជាពលរដ្ឋយើង២៤លើ២៤ ជារៀងរាល់ថ្ងៃ ជាពិសេសសម្រាប់ថ្ងៃដែលមានកម្មវិធីម្ដង៕