(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណ:ប្រតិភូ សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាលចុះមូលដ្ឋាន អញ្ជើញចូលរួមពិសានំបញ្ចុកតេជោសន្តិភាព ដើម្បីសាមគ្គីជាតិ ឯកភាពជាតិ ជាមួយប្រជាពលរដ្ឋ នៅស៊ូរ៉ាវភូមិ ៤ សង្កាត់ ច្រាំងចំរេះ១ និងព្រះវិហារឥស្លាមគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ។
ពិធីទទួលទនុំបញ្ចុកនេះត្រូវបានរៀបចំធ្វើទូទាំងប្រទេស ដើម្បីបង្ហាញពីការសាមគ្គីភាព ភាតរភាព ឯកភាពជាតិ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សំបុរ និន្នាការនយោបាយ ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕