(ឆុងឈីង)៖ លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តាងនាមប្រធានក្រុម (Team Leader) នៃសិក្ខាកាមកម្ពុជាចំនួន១៨នាក់ ភាគច្រើនជាសមាជិក ស.ស.យ.ក ដែលកំពុងសិក្សាជំនាញស្តីពី Intelligent E-Commerce in the Era of Big Data នៅ Chongqing Creation Vocational College នៅខេត្តឆុងឈីង ប្រទេសចិន បានរួមគ្នាហូបនំបញ្ចុកសាមគ្គី ។
លោកបណ្ឌិត បានឱ្យដឹងថា ដោយបានស្តាប់ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានទាក់ទងជាមួយអ្នកគ្រប់គ្រងវគ្គសិក្សា និងចុងភៅជនជាតិចិន ដើម្បីបម្រើអាហារជានំបញ្ចុក ជូនសិក្ខាកាមទទួលទាននាថ្ងៃទី០៩ ខែមិថុនានេះ ដូចប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ។
លោកបណ្ឌិតបានបន្តថា «នេះជាចលនារួបរួមជាតិមួយដ៏ធំក្នុងបរិបទប្រទេសមានសន្តិភាពពេញលេញដែលដឹកនាំដោយសម្តេចតេជោ។ នេះក៏ជាឱកាសល្អបំផុតដែលសម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យខ្មែរចេះស្រឡាញ់សាមគ្គីគ្នា ដើម្បីខ្មែរមានសន្តិភាពហើយជ្រើសរើសយកអាហារនំបញ្ចុកជាម្ហូបខ្មែរហូបជុំគ្នាក្នុងថ្ងៃតែមួយ។ យើងជាខ្មែរត្រូវតែចូលរួមដើម្បីបង្ហាញពីខ្មែរចេះឯកភាពគ្នា»។
សូមជម្រាបថា សិក្ខាកាមកម្ពុជាចំនួន១៨នាក់ ដែលទៅបំពេញការសិក្សានៅខេត្តឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូត ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ៕