(សៀមរាប)៖ នៅរសៀលថ្ងៃអាទិត្យ ៧កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី ៦ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាលនិងថែទាំសុខភាពកុមារ-ទារកប្រមាណ៥០០នាក់ ទៅ៦០០នាក់ក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃ។
បន្ទាប់ពីកម្មវិធីប្រគល់ថវិកានេះរួចមក គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនដល់កុមារ-ទារកសរុបចំនួន៩៤នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដោយក្នុងម្នាក់ៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា) ចំនួន ១ និងថវិកាចំនួន ៥ម៉ឺនរៀល។
ដោយឡែក ចំពោះកុមារកំពុងសង្គ្រោះបន្ទាន់ធ្ងន់ធ្ងរចំនួន ១៨នាក់ ម្នាក់ៗទទួលបាន ឃីត១ និងថវិកា១០ម៉ឺនរៀល។ រីឯ អាណាព្យាបាលដែលនៅកំដរក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។
ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុត លេីការលេីកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ តាមរយៈ ការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវថវិកា១លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក។
សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានវិភាគទាននូវថវិកាចំនួន ៣៥,០០០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរផងដែរ៕