(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ចន្ទ័ សុភក្ត្រ័ា ប្រធានក្រុមការងារចុះខេត្តជួយស្រុកឆែប ខេត្តព្រះវិហារ និងក្រុមការងារព្រមទាំងប្រធានបក្សស្រុក ក្រុមប្រឹក្សាស្រុក សមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋប្រមាណ៧០០នាក់ បានទទួលទាននំបញ្ចុកសាមគ្គីជាតិ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងឱកាសនោះ លោកចន្ទ័ សុភក្ត្រ័ា បានឧបត្ថម្ភថវិកាសម្រាប់កសាងវត្តសុវណ្ណគីរី ហៅវត្តឆែប ទឹកប្រាក់ចំនួន២លានរៀល អង្ក១៥០គីឡូក្រាម ទឹកសុទ្ធ៥កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ មី៥កេស ព្រមទាំងបានហូបនំបញ្ចុក ជាមួយបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពស្និទស្នាល។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕