(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយកងកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងការណែនាំពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហើយសម្រាប់កម្លាំងនគរបាលខេត្ដកំពង់ចាមទាំងអស់ បានរៀបចំពិធីហូបនំបញ្ចុកយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្ដិភាព។
បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ឯម កុសល បង្ហាញពីការសប្បាយរីករាយក្នុងការជួបជុំ ទទួលទាននំបញ្ជុក និងកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលស្រ
លាញ់សន្តិភាព សាមគ្គីភាព មហាគ្រួសារតែមួយ។ ក្នុងឱកាសនេះដែរ លោកស្នងការ បានចែក និងផ្តល់ជូនអាវយឺតប៉ូលីសដៃវែងចំនួន៦២១អាវ ដល់កងកម្លាំងទាំងអស់ ដែលអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនផងដែរ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕