(កំពង់ស្ពឺ)៖ «សូមមេត្តាជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីរបស់យើង ដើម្បីធ្វើឱ្យកីឡាប្រកួត “ទូកនាគ” កាន់តែរីកចម្រើនថែមទៀត ព្រោះនៅក្នុងប្រទេសយើង កីឡានេះនៅមានកម្រិតនៅឡើយ»។ នេះគឺជាការអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងនៅក្នុងពិធីបិទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគនិរតី «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១» ដែលបានរៀបចំឡើង កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។
នាឱកាសចូលរួមព្រឹត្តិការណ៍ខាងលើលោក ប៉ាន សូរស័ក្តិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានប្រឹងប្រែងសហការជាមួយអាជ្ញាធរខេត្ត រៀបចំព្រឹត្តិការណ៍ប្រកួតដ៏មានសារៈសំខាន់នេះ ឱ្យមានភាពឧឡាឫក និងទទួលបានជោគជ័យ ដើម្បីផ្តល់ឱកាសជូនកីឡាករ កីឡាការិនីកម្ពុជា ធ្វើការបញ្ចេញទេពកោសល្យ និងវាស់ស្ទង់សមត្ថភាពបច្ចេកទេសហ្វឹកហាត់កន្លងមក ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបច្ច័យដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទ ក៏ដូចជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានចូលរួមសម្មភាពកីឡា ដើម្បីទទួលបានកាយពលមាំមួន និងសុខភាពល្អបរិបូណ៌នៅក្នុងជីវិត សម្រាប់បំពេញកាត្វកិច្ចជូនក្រុមគ្រួសារ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
«ក្រៅពីផ្តល់សុខភាព កីឡាមានគុណប្រយោជន៍ ជួយបណ្តុះបណ្តាលកូនល្អ-សិស្សល្អ-មិត្តល្អ ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ស្របតាមពាក្យស្លោក «កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ» និង «កីឡាជាយានសម្រាប់អភិវឌ្ឍន៍សង្គម»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
នៅក្នុងឱកាសនោះដែរ ដើម្បីធ្វើឱ្យកីឡាប្រកួតទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានវឌ្ឍនភាពថែមទៀត លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ កីឡាការិនី តាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ទូកកានូ ទូករ៉ូអ៊ីង រាជធានី-ខេត្ត ក្រសួងស្ថាប័ន ឱ្យបានទូលំទូលាយ ហើយត្រូវស្វែងរកសម្ភារៈហ្វឹកហាត់ ឱ្យបានគ្រប់គ្រាន់។
២- ត្រូវខិតខំពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីមានភាពម្ចាស់ការខ្ពស់ ក្នុងការរៀបចំការប្រកួតកីឡានេះនៅគ្រប់កម្រិត។
៣- ត្រូវបំផុសឱ្យមានការចូលរួមពីមហាជន និងជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ ជាពិសេសនៅតាមបណ្តាសមាគមទូទាំងប្រទេស។
៤- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ក្លឹប និងសមាគមទូទាំងប្រទេស។
៥- ត្រូវខិតខំស្វែងរកដៃគូ និងកៀងគរជំនួយបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន៕