(ភ្នំពេញ)៖ ថ្ងៃនេះចំពោះរឿងនំបញ្ចុកដែលជាចំណីអាហាររបស់ប្រពៃណីខ្មែរយើង ដែលត្រូវបានលោក សម រង្ស៊ី យកមកធ្វើជាល្បែងនយោបាយដោយប្រកួត ប្រកាសម្ដងហើយម្ដងទៀត សូមឲ្យសកម្មជនខ្លួនចេញមកជួបជុំគ្នាពិសានំបញ្ចុកបែបនយោបាយរបស់ខ្លួននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋទូទំាងប្រទេសរៀបចំពិធីពិសានំបញ្ចុកក្នុងថ្ងៃនេះដែរ ដោយឲ្យបានអធិកអធម ដូចយើងឃើញនិងកំពុងសាទរ ក្នុងការចូលរួមពិធីនេះជាភស្ដុតាង។
តើសម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋពិសានំបញ្ចុកឲ្យបានអធិកអធមដូចនេះ មានបំណងយ៉ាងណា?
ស្ថិតត្រង់ចំណុចនេះអ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានឆ្លើយតបជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្ដិអង្គភាពព័ត៌មានFresh News ដោយលោកយល់ថា នេះប្រហែលជាសម្ដេចតេជោ ហ៊ុន សែន មានបំណងចង់ប្រាប់ឲ្យច្បាស់ដល់មតិជាតិ និងអន្ដរជាតិនៅក្នុងពិធីនេះថា ចំពោះប្រជាពលរដ្ឋទទួលទាន នំបញ្ចុកនេះ គឺពុំមានទោសពៃរ៍អ្វីដូចលោក សម រង្ស៊ី តែងចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា សូម្បីតែប្រជាពលរដ្ឋជួបជុំគ្នាពិសានំបញ្ចុកក៏ត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញ ឬក៏ត្រូវមានទោសដែរ។
ដោយហេតុថា កន្លងមកលោក សម រង្ស៊ី តែងយកលេសនៃការជួបជុំពិសានំបញ្ចុកនេះ មកលេងសើចជាល្បែងនយោបាយក្រោមស្លាកបក្សសង្រ្គោះជាតិ ដើម្បីប្រឆំាងនឹងអំណាចតុលាការកំពូលដែលបានរំលាយចោលទៅហើយ។ ពីព្រោះក្នុងករណីរឿងនេះ បើរាជរដ្ឋាភិបាលនៅស្ងៀមនំាឲ្យមតិជាតិ និងអន្ដរជាតិខ្លះយល់ច្រទ្បំថា យី! គ្រាន់តែគ្រាន់តែប្រជាពលរដ្ឋពិសានំបញ្ចុកសោះក៏ត្រូវមានទោសដែរ។
លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះចំពោះអ្វីដែរ សម្ដេចតេជោ បានអំពាវឲ្យប្រជាពលរដ្ឋរៀបចំពិធីពិសានំបញ្ចុកនៅទូទំាងប្រទេសឲ្យបានអធិកអធម សប្បាយរីករាយ ដូចយើងឃើញនេះ គឺសម្ដេចតេជោមានបំណងចង់ប្រាប់ថា ចំពោះការពិសានំបញ្ចុកគឺអត់ខុសទេ តែអ្វីដែលខុសនោះចំពោះការជួបជុំគ្នាក្រោមការអំពាវនាវរបស់លោក សម រង្ស៊ី ក្នុងនាមបក្សសង្រ្គោះជាតិ ហើយកុំយកនំបញ្ចុកមកបិតបាំងដើម្បីបម្រើនយោបាយរបស់ខ្លួនឲ្យសោះ។ ត្រង់ហ្នឹងហើយ ដែលសម្ដេចតេជោចង់ប្រាប់នោះ។
បានសេចក្ដីថាសម្ដេចតេជោ «ចង់រក្សាគុណតម្លៃនំបញ្ចុក ដែលជាអាហារដ៏ពេញនិយមបំផុតរបស់ប្រពៃណីខ្មែរយើងតំាងពីបរមបុរាណរៀងមក» កុំឲ្យធ្លាក់ទៅក្នុង «ល្បែងនយោបាយ» លេងសើចរបស់លោក សម រង្ស៊ី នេះឯង។
តើចំណុចអ្វីបញ្ជាក់ថា ការជួបជុំពិសានំបញ្ចុករបស់លោក សម រង្ស៊ី ជាល្បែងនយោបាយ? ស្ថិតត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ជាក់ស្ដែងដូចយើងបានដឹង បានឮគ្រប់ៗគ្នាហើយថា ចំពោះការប្រកួតប្រកាសអះអាងរបស់លោក សម រង្ស៊ី បានភ្ជាប់លក្ខខណ្ឌនៃការពិសានំបញ្ចុកនេះពុំធម្មតាទេ គឺការពិសានំបញ្ចុកជាមួយបក្សសង្រ្គោះជាតិទើបជាអ្នកស្នេជាតិ គឺជាការយកពាក្យ «ស្នេហាជាតិ» មកលេងសើច។
បើដូចនេះ ចំពោះជាបែងចែកប្រជាពលរដ្ឋរវាងអ្នកស្នេហាជាតិ និងអ្នកក្បត់ជាតិ ដោយគ្រាន់តែរឿងពិសានំបញ្ចុកនេះ គឺជាសារនយោបាយដ៏ឃោរឃៅបំផុត របស់អ្នកនយោបាយខ្មែរយើងនាសម័យទំនើបនេះ។ ពីព្រោះដោយគ្រាន់តែប្រជាពលរដ្ឋណា មិនទៅពិសានំបញ្ចុកជាមួយបក្សសង្រ្គោះជាតិគឺក្បត់ជាតិ គឺធ្ងន់មែនទែនជាការនំាឲ្យជាតិបែកបាក់។
បើដូច្នេះស្ថិតត្រង់ចំណុចនេះយើងសួរថា តើការប្រកួតប្រកាសពិសានំបញ្ចុករបស់លោក សម រង្ស៊ី នេះមិនហៅថាជាល្បែងនយោបាយទេឬអ្វី?
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើនិយាយឲ្យចំទៅចំពោះអ្វីដែល លោក សម រង្ស៊ី ប្រកូសប្រកាសឲ្យសកម្មជនខ្លួនចេញមកជួបជុំគ្នាពិសានំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនានេះ ហើយសម្ដេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋទូទំាងប្រទេសរៀបចំនំបញ្ចុកទទួលទានក្នុងថ្ងៃនេះដែរ គឺសម្ដេចតេជោ បានចាត់ទុកលោក សម រង្ស៊ី គឺជាតាជូជក ដែលពូកែដើរសុំទានគេ ហើយចុងក្រោយឃ្លាននំបញ្ចុកហ្នឹងឯង។
បានសេចក្ដីថាចំពោះទស្សនៈសម្ដេចតេជោ ក្នុងការរៀបចំពិធីពិសានំបញ្ចុកនេះ គឺជាការចាត់ទុកលោក សម រង្ស៊ី ជាតាជូជក ដោយរៀបចំនំបញ្ចុកឲ្យស៊ីបែកពោះហ្នឹងឯង។
បើដូច្នេះដោយឈរលើទស្សនវិជា្ជសម្ដេចតេជោ «ចង់រក្សាគុណតម្លៃនំបញ្ចុក» ដែលជាចំណីអាហាររបស់ខ្មែរយើងតំាងពីបរមបុរាណរៀងមក លោក រត្ន័ សណ្ដាប់ យល់ថា គួររាជរដ្ឋាភិបាលរៀបចំនំបញ្ចុកនេះ ដាក់ទៅក្នុងអង្គការយូណេស្កូ (UNECO) ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់ពី អាហារដ៏ប្រពៃថ្លៃថ្លារបស់ខ្មែរយើង៕