(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដឹកនាំមន្ត្រីរាជការ នៃសាលាខេត្តបន្ទាយមានជ័យ រួមគ្រប់ណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត បានរៀបចំការពិសានំបញ្ចុក ដើម្បីបង្ហាញពីការសាមគ្គីភាព សន្តិភាព បង្រួបបង្រួមជាតិ សុខុមាលភាពសង្គម ក៏ដូចជាបង្ហាញឲ្យសកលលោកបានស្គាល់ពីគុណតម្លៃនំបញ្ចុករបស់ខ្មែរ ដែលមានតាំងពូយូរលង់ណាស់មកហើយ ពិសេសបង្ហាញពីស្នាដៃពីការធ្វើនំបញ្ចុក ធ្វើពីអង្គរខ្មែរសុទ្ធសាធ និងបន្លែធម្មជាតិគ្មានជាតិគីមីរបស់ខ្មែរ។
ជាមួយគ្នានោះក៏ចង់បញ្ជាក់ថា ការពិសារនំបញ្ចុក មិនមែនជាការបំបែកបំបាកជាតិឡើយ ហើយក៏មិនមែនជាកម្មសិទ្ធរបស់បុគ្គលណា ឬជារបស់គណបក្សនយោបាយណាមួយនោះឡើយ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋទាំងអស់ខេត្តបន្ទាយមានជ័យ ប្រមាណជា៤ម៉ឺននាក់ ហូបនំបញ្ចុក ជាមួយការរៀបចំការពិសានំបញ្ចុក បង្រួបបង្រួម និងស្នេហាជាតិនេះ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ដ្រមួយ ដោយអនុវត្តតាម អនុសាសន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃនៃកម្ពុជា បានយកថ្ងៃទី០៩ ខែមិថុនាឲ្យមានការរៀបចំពិសានំបញ្ចុកទូទាំងប្រទេស។
លោកអភិបាលខេត្តបន្ទាយមានជ័យ បន្តទៀតថា ជាមួយការអបអរសាទរពិធីពិសានំបញ្ចុកសាមគ្គីភាព សន្តិភាព បង្រួបបង្រួមជាតិ សុខុមាលភាពសង្គម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា «យើងហូបនំបញ្ចុកពង្រឹងសាមគ្គីភាព និងលើកតម្កើងអត្តសញ្ញាណជាតិ យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី សញ្ញាណនំបញ្ចុកជាតិ របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ធសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់»៕