(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កែវ ពិសិដ្ឋ តំណាងរាស្ដ្រមណ្ឌលត្បូងឃ្មុំ បានរៀបចំពិធីហូបនំបញ្ចុកតេជោសន្ដិភាព ជូនប្រជាពលរដ្ឋនៅឃុំពពេល ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ប្រកបដោយភាពស្និទស្នាល សប្បាយរីករាយ តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នា ហូបនំបញ្ចុកតេជោសន្តិភាព សាមគ្គីភាព និងឯកភាពជាតិខ្មែរ។
លោក កែវ ពិសិដ្ឋ បានលើកឡើងថា ការហូបនំបញ្ចុកនេះ ជាការចូលរួមគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារអង្ករខ្មែរ និងបន្លែបង្ការផ្សេងៗ ដែលយកមកធ្វើល្បោយ នំបញ្ចុកផងដែរ។ ម្យ៉ាងទៀតការហូបនំបញ្ចុកនេះ ក៏ចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់កម្ពុជា ដែលមានតាំងពីបរមបុរាណ ឲ្យពិភពលោកបានស្គាល់។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងជំរុញនំបញ្ចុកនេះឲ្យក្លាយជាម្ហូបរបស់ខ្មែរមួយជាសកល។
លោកតំណាងរាស្រ្ត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ចាក់ថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិ របស់បក្សនយោបាយណាមួយនោះទេ វាជារបស់ជាតិខ្មែរទាំងមូល ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា មានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះឡើយ៕