(កំពង់ធំ)៖ ក្នុងពេលទទួលទាននំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានសន្យាជួយឧបត្ថម្ភការជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត ១,០០០ម៉ែត្រ ជូនប្រជាពលរដ្ឋនៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
នាឱកាសនោះ លោកស្រី ឃួន ឃុនឌី បានពាំនាំនូវការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះពលរដ្ឋទូទាំងប្រទេសទាំងអស់ ពិសានំបញ្ចុកសាមគ្គីជាតិដោយភាពសប្បាយរីករាយ និងពង្រឹងស្មារតីរួបរួមស្នេហាជាតិសាមគ្គីជាធ្លុងមួយទូទាំងប្រទេស ក្នុងនាមជាឈាមជ័រខ្មែរតែមួយ។
លោកស្រីបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម តាមរយៈបដិវត្តពណ៌មាននៅកម្ពុជាជាដាច់ខាត។
លោកស្រីបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់ទីកន្លែង។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយ ភាពសុខសាន្ត បន្តការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកលូតលាស់បន្តទៀត និងបានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។
អ្វីដែលរឹតតែពិសេសសម្រាប់ប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយនោះ គឺបានលោកស្រី ឃួន ឃុនឌី សន្យាជួយជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត ១,០០០ម៉ែត្រ៕