(ត្បូងឃ្មុំ)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ លោក តូច ចាន់នី តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលប្រជាពលរដ្ឋ និង បើកសម្ពោធសាលាមត្តេយ្យសហគមន៍ នៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។
លោក តូច ចាន់នី បានពាំនាំពាក្យសួរសុខទុករបស់លោក វង សូត ដល់បងប្អូនប្រជាពលរដ្ខនៅក្នុងភូមិពិសេសមាតាបិតាក្មួយៗកុមារជាសិស្សមត្តេយ្យ ក្មួយកុមារនិងអ្នកគ្រូៗនៅសាលាមត្តេយ្យនេះផងដែរ។
ជាមូយនោះ លោក តូច ចាន់នី បានណែនាំដល់ មាតាបិតាសិស្ស និងអ្នកគ្រូៗ ឱ្យមានអនាម័យខ្ពស់ដល់ក្មួយៗ និងពន្យល់ណែនាំ ឱ្យពួកគាតបានយល់ ពីការហាមដាច់ខាតមិនឱ្យប្រើអំពើហិង្សាលើកុមារ នៅពេលដែលកុមារំាម្នាក់មានកំហុស។ មាតាបិតា និងអ្នកគ្រូៗ ត្រូវចេះអប់រំកូនដោយធម៌ត្រជាក់ មិនត្រូវធ្វើទារុណកម្មគ្រប់រូបភាពណាមួយនៅកុមារធ្វើខុសក្នុងប្រការណារមួយ គឺត្រូវចេះលួងលោមដោយយកចិត្តទុកដាក់ខ្ពស់។
លោកបានបន្ថែមថា ការកសាងឱ្យមានសាលាមត្តេយ្យនៅតាមសហគមន៍ មានលក្ខណៈល្អប្រសើខ្លាំងណាស់ វាងាយស្រួលដល់ក្មួយៗកុមារមកសាលារៀនព្រោះសាលានៅជិតផ្ទះ មួយទៀតបានជួយសម្រាល ការនឿយហត់ ទុក្ខលំបាក ដល់មាតាបិតាសិស្ស និងមានពេលច្រើនសម្រាប់ប្រកបមុខរបរ ការងារផ្សេងៗទៀតផង។
នាឱកាសនោះ លោក ហ៊ុល លី ប្រធាក្រុមប្រឹក្សាឃុំគណ្តោលជ្រុំ បានលើកឡើងថា បច្ចុប្បន្ននៅក្នុងឃុំកណ្តោលជ្រុំ មានសាលាមត្តេយ្យសហគមន៍ ១៣សាលា ក្នុងនោះ១០សាលាមានការគាំពីថវិការចំពោះអ្នកគ្រូស្ម័គ្រចិត្ត ចំណែកសាលា៣ទៀតទទួការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា។
លោក ហ៊ុល លី បានគូសបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍នៅភូមិម្កាក់ កសាងឡើង ដោយការចូលរួមថវិកាពីក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ ថវិការបតិភាគឃុំ និងមានចូលមានកាចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលត្រូវជាមាតាបិតាសិស្សខ្លះ បច្ចុប្បន្នមានក្មួយៗ មកចុះឈ្មោះចូលរួមចំនួន ៤៣នាក់។
ពេលចប់ពិធី លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ បានដឹកក្រុមការងារ ចូលរួមហូបនំបញ្ចុក"សាមគ្គីជាតិ និងឯកភាពជាតិ" ជាមួយងប្អូនសមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជាង ២០០នាក់។
នាឱកាសនោះ លោក តូច ចាន់នី បានលើកថា ការហូបនំបញ្ចុកជុំគ្នានេះ គឺមិនមែនជាសារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នា ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាពនិងឯកភាពខ្មែរ តែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយគឺយើងអាចហូប រួមគ្នា។
លោកគូសបញ្ជាក់បន្ថែមទៀតថា ការៀចំពិធីហូបនំបញ្ចុកជុំគ្នានាពេលនេះ គឺរៀបចំឡើងគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕