(កណ្ដាល)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំគោកត្រប់ សរុបចំនួន១,៥២១នាក់ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពជាតិខ្មែរ ដោយមិនរើសអើងបក្សនយោបាយណាមួយ ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានរំលឹកអំពីប្រវត្តិ «នំបញ្ចុកខ្មែរ» ដោយពាក្យថានំបញ្ចុក នេះមានឈ្មោះដើមថា នំប៉ែនចុក គឺជានំដែលគេយកម្សៅ សម្រស់ទៅស្ងោរ ហើយបុកលាយទឹក រួចយកទៅច្រក ក្នុងប៉ែនទើបយកស្នូល ឈើចុកសង្កត់ដើម្បីរោយទម្លាក់ជាសរសៃ ក្នុងទឹកពុះឲ្យឆ្អិនបន្ទាប់មកគេស្រង់ ចាប់ជាចង្វាយៗដាក់ជាល ឬកញ្ច្រែងទុកឲ្យស្រស់ទឹក ហើយក្រោយមកគេហៅកាត់ៗថា នំបញ្ចុក។
លោក ម៉ម ប៊ុននាង បានបញ្ជាក់ផងដែរថា ការហូបនំបញ្ចុកជុំគ្នានៅថ្ងៃទី០៩ មិថុនានេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នា ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា។ ជាមួយគ្នានេះ ក៏យើងអាចចូលរួមលើកតម្កើងនូវគុណភាព ម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិផងដែរ។
លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើន យ៉ាងឆាប់រហ័ស និងមានមោទនៈភាពចំពោះការ ដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលដែលបានកសាង សមិទ្ធផលជាច្រើនសម្រាប់បម្រើផលប្រយោជន៍ ដល់សង្គមជាតិ និងប្រជាជន បានជំរុញឲ្យមានអ្នកវិនិយោគិនបរទេស និងអ្នកទេសចរ អន្តរជាតិ មកវិនិយោគ និងទស្សនាកម្ពុជាកើនឡើង ជាលំដាប់ដែលធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ជាពិសេសសមិទ្ធផល សន្តិភាពវាជាអំណោយផលដែលអាចឲ្យយើងមានឱកាសកសាង សមិទ្ធផលជាច្រើននៅទូទាំងប្រទេសដើម្បីទុក ឲ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត ព្រោះចំនួនប្រជាជនកាន់តែកើនឡើង តម្រូវការកាន់តែមានច្រើន។
រាជរដ្ឋាភិបាលបាន និងកំពុងខិតខំកសាងស្តារហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់លំជនបទស្ពាន អាកាស ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ សរសៃឈាមសេដ្ឋកិច្ច ដើម្បីកំណើនសេដ្ឋកិច្ចសម្រួលការធ្វើដំណើរ ដោះស្រាយបញ្ហាចរាចរ និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើនទូទាំងប្រទេស។
ក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកាជូន ដល់អ្នកប្រឡងចម្រៀងដែលជាប្រជាពលរដ្ឋ ក្នុងឃុំគោកត្រប់ ដោយលេខ១ទទួល បាន២០ម៉ឺនរៀល, លេខ២ ទទួលបាន១០ម៉ឺនរៀល, លេខ៣ទទួលបាន៥ម៉ឺនរៀល អ្នកដែលមិនបានទទួលជ័យលាភី មានចំនួន៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល សរុបចំនួន១០នាក់។
បន្ទាប់ពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំគោកត្រប់រួចមក លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងលោក ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកណ្តាលស្ទឹង បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ រួមគ្នាជាមួយប្រជាពលរដ្ឋ អាជ្ញាធរស្រុកកណ្តាលស្ទឹង សរុបចំនួន៦៦៣នាក់ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពជាតិខ្មែរ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕