(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្ដីពី ការហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម នៃសិប្បកម្មផលិតឥដ្ឋ ជម្រាបដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋនៅមូលដ្ឋាន ឱ្យអនុវត្តនូវវិធានការចំនួន៥ចំណុចធំៗ ដើម្បីបញ្ជៀសរាល់គ្រោះថ្នាក់នានា កុំឱ្យកើតមានលើកុមារជាយថាហេតុណាមួយនៅ ក្នុងបរិវេណសិប្បកម្ម។
វិធានការណែនាំទាំង៥ចំណុចនោះ រួមមាន៖
១៖ រៀបចំដាក់ស្លាកសញ្ញាធំៗ និងងាយមើលឃើញដូចជា៖
* ហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម
* ជនណាដែលនៅក្មេងចូលទៅ ក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ
* ការប្រើប្រាស់ពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ គឺអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។
២៖ ហាមឃាត់ដាច់ខាតការប្រើប្រាស់ទាសភាពបំណុល ដើម្បីដាក់បន្ទុកសេរីភាពការងារកម្មករ។
៣៖ ត្រូវមានអ្នកឃ្លាំមើលជាប្រចាំ និងហាមក្មេងចូលក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម ឬធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋ។
៤៖ ត្រូវរៀបចំកន្លែងស្នាក់នៅឱ្យឃ្លាតឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងត្រូវមានរបងការពារសុវត្ថិភាព ដែលខណ្ឌចែកបរិវេណខ្សែសង្វាក់ផលិតកម្ម និងកន្លែងស្នាក់នៅ។
៥៖ ហាមឃាត់ដាច់ខាតរាល់ទម្រង់ នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឱ្យកុមារធ្វើការដើម្បីដោះបំណុល។
ក្រសួងការងារ ក៏បានបង្គាប់ឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយពីសេចក្ដីណែនាំខាងលើនេះ ទៅដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។
សេចក្ដីណែនាំរបស់ក្រសួងការងារ បានសង្កត់ធ្ងន់ថា ម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋទាំងឡាយណា ដែលខកខានក្នុងការអនុវត្តតាមសេចក្តីណែនាំនេះ នឹងត្រូវទទួលរងនូវការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្ម ឬអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ៕