អភិបាលខេត្តប៉ៃលិន៖ នំបញ្ចុក គឺជាកេរ្តិ៍ពីដូនតាខ្មែរទាំងមូល មិនមែនសម្រាប់ជនមួយក្តាប់តូច ដែលមើលងាយជាតិខ្លួនឯងឡើយ
09-06-2019 16:37
(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចូលរួមទទួលទាននំបញ្ចុកជាមួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តប៉ៃលិន ដើម្បីជាការការរួមគ្នាបង្ហាញពីសាមគ្គីភាព ឯកភាពជាតិ និងរួមគ្នារក្សាសុខសន្តិភាព នៅក្នុងប្រទេស។
លោក ផាន់ ចាន់ធុល បានលើកឡើងថា «ការហូបនំបញ្ចុកនាថ្ងៃនេះ គឺយើងទាំងអស់គ្នាហូបបណ្តើរ ញញឹមដាក់គ្នាបណ្តើរ ដោយក្តីសោមមនស្សរីករាយ ជ្រកក្រោមដំបូលតែមួយ ជាតិខ្មែរតែមួយ ហើយប្រឹងថែរក្សាសន្តិភាពរួមគ្នា ដើម្បីឲ្យប្រទេសជាតិសុខដុមរម្យនា ស្របតាមគោលនយោបាយរួមជាតិតែមួយ ដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកអភិបាលខេត្តបានបញ្ជាក់ថា នំបញ្ចុកនេះ គឺជានំកេរ្តិ៍ពីដូនតារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែននំសម្រាប់ជនមួយក្តាប់តូចយកធ្វើជានយោបាយ ពេលហូបជួបជុំ មានតែពាក្យជេរដៀល មកលើរាជរដ្ឋាភិបាលស្របច្បាប់ មើលងាយប្រទេសជាតិខ្លួនឯងឡើយ ដូច្នេះការហូបនំបញ្ចុកនេះ គឺនំបញ្ចុកឯកភាពជាតិ សាមគ្គីភាព ស្នេហាជាតិ។
សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ ចំណែកខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត បានរៀបចំធ្វើនំបញ្ចុកសាមគ្គីហូបគ្រប់ៗគ្នា៕