(មោងឬស្សី)៖ កាលពីព្រឹកថ្ងៃអាទិត្យ ៧ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នាបរិវេណសាលាស្រុកមោងឬស្សី លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី និងក្រុមការងារថ្នាក់ជាតិចុះជួយ ក្នុងមូលដ្ឋានឃុំទាំង៩ នៃស្រុកមោងឬស្សី។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ចៅក្រម ព្រះរាជអាជ្ញា រួមនឹងក្រុមការងារថ្នាក់ជាតិចុះជួយស្រុក-ឃុំក្នុងមូលដ្ឋានស្រុកមោងឬស្សីទាំងអស់ ក៏បានអញ្ជើញចូលរួម ជាមួយមន្ត្រីរាជការមកពីអង្គភាព-ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សសយក បងប្អូនអាជីវករជុំវិញផ្សារ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សរុបប្រមាណជាង ១៣០០នាក់ បានចូលរួមពិធីពិសារនំបញ្ចុកសាមគ្តីជាតិ ឯកភាពជាតិ ឬនំបញ្ចុក «តេជោសន្តិភាព» ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។
ក្នុងឱកាសដ៏អធិកអធមនោះដែរ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ក៏បានមានប្រសាសន៍សំណេះសំណាល និងលើកទ្បើងអំពីប្រវតិ្តនិងរបៀបនៃការធ្វើនំបញ្ចុក ដែលជាអាហារមួយប្រភេទដ៏ពេញនិយមក្នុងការបរិភោគរបស់ពលរដ្ឋខ្មែរ ដោយផ្សារភ្ជាប់ទៅនឹងវប្បធម៍ ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងតាំងពីយូរលង់មកហើយ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានគោរពកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមឲ្យមាននូវព្រឹត្តការណ៍នៃការហូបនំបញ្ចុកនេះទ្បើង ដែលជាការចូលរួមចំណែកលើកស្ទួយនូវគុណតម្លៃ និងអត្តសញ្ញាណរបស់ជាតិខ្មែរយើង ផ្ទុយស្រទ្បះពីក្រុមអគិតមួយចំនួន ដែលបានបង្វែរយកការហូបនំបញ្ចុកនេះ ទៅបម្រើនូវចេតនានយោបាយដ៏អាក្រក់របស់ខ្លួន និងក្នុងគោលដៅបំបែកបំបាក់ជាតិទៅវិញ៕