(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានដឹកនាំក្រុមការងារ ប្រជាពលរដ្ឋ រៀបចំពិធីពិសានំបញ្ចុកសាមគ្គីជាតិ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កែវ រ៉េមី បានលើកឡើងថា ការហូបនំបញ្ចុកនេះ គឺដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ ភាពសុខដុមរមនា និងការឯកភាពជាតិ ដែលជាអត្ថន័យដ៏ធំធេង សម្រាប់មាតុភូមិកម្ពុជាទាំងមូល ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក កែវ រ៉េមី បានថ្លែងថា ប្រទេសជាតិមានសន្តិភាព ហើយពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងរស់នៅដោយមានការទទួលស្គាល់ពីសហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ រាល់ថ្ងៃនេះ គឺដោយសារការឈ្លាសវៃ នៃការដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

មេសិទ្ធិមនុស្សរូបនេះបានគួសបញ្ជាក់ថា សម្ដេចតេជោបានខិតខំតាំងប្រទេសជាតិ ស្ថិតនៅបាតដៃទទេរហូត ដល់មានការរីកចំរើនគ្រប់ផ្នែកវិស័យ ដែលធ្វើឲ្យពិភពលោកទទួលស្គាល់ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការរស់នៅការដើរហើរ ឬទេសចរណ៍ក្រៅស្រុកផងដែរ។

ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏បានបន្ថែមទៀតថា ការអភិវឌ្ឍន៍កសាងប្រទេស វាកើតចេញគណបក្សប្រជាជនកម្ពុជា ដែលរួមកម្លាំងគ្នាសាមគ្គីគ្នា ទើបទទួលបានជោគជ័យ និងកសាងប្រទេស ទើបមានថ្ងៃនេះ ហើយធ្វើឲ្យប្រទេសមួយចំនួន ក្នុងពិភពលោកចងភ្ជាប់ធ្វើបណ្តាលសេដ្ឋកិច្ចផងដែរ។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕