(ភ្នំពេញ)៖ តបតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិកជាង ២០០នាក់ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើពិធីហូបនំបញ្ចុកយ៉ាងធអិកអធម ក្រោមអធិបតីពីលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ។
ពិធីនេះ បានធ្វើឡើងនៅទីតាំងស្នាក់ការរបស់ខ្លួន ស្ថិតនៅភូមិជំរាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសនានាយ៉ាងច្រើនកុះករផងដែរ។
លោកស្រី ញ៉ែម មរកត បានថ្លែងថា ពិធីជួបជុំហូបនំបញ្ចុកនេះ បានធ្វើឡើងដើម្បីតបតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានមានប្រសាសន៍ ឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ បង្កើតព្រឹត្តិការណ៍ហូបនំបញ្ចុកទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោកស្រីបន្តថា កម្មវិធីហូបនំបញ្ចុកនេះ មានការចូលរួមឧបត្ថម្ភយ៉ាងខ្លាំងក្លា ពីសប្បុរសជននានា ហើយការហូបនំលើកនេះ គឺនំបញ្ចុកឯកភាពជាតិ សាមគ្គីភាព និងស្នេហាជាតិ ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមជាតិរបស់ខ្លួន។ លោកស្រី ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភកម្មវិធីនេះផងដែរ។
ជាមួយគ្នានេះ លោក ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងរំលឹកថា សមាគមរបស់លោក បង្កើតឡើងដំបូងមានសមាជិកមិនដល់១០នាក់ទេ។ ដោយសារការគិតគូរ ពីសំណាក់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាល ធ្វើឲ្យជនពិការដូចជារូបលោក មានក្តីសង្ឃឹមឡើងវិញ និងបានពង្រីកខ្លួនរហូតមានសមាជិកជាង ២០០នាក់។
បើតាមជនពិការភ្នែកទាំងពីររូបនេះ កន្លងមកសមាគមបានជួលផ្ទះគេស្នាក់នៅជាក្រុម ទទួលទានរួមគ្នា ចំណូលបានមកពីការចេញប្រគុំតន្ត្រីតាមរាជធានី/ខេត្ត ដោយប្រើឧបករណ៍ភ្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តល់ឲ្យសមាគមគិតជាងតម្លៃ ៣ម៉ឺនដុល្លារអាមេរិក។
លោក ចាប តូ បានថ្លែងអំណរអរព្រះគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចយាយ, សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, និងសប្បុរសជននានាទាំងអស់ ដែលបានព្រះរាជប្រទាន និងជួយដល់សមាគមរបស់លោករហូតមក។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ បង្កើតព្រឹត្តិការណ៍ហូបនេះបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅសមាជិកគណបក្សប្រជាជនកម្ពុជា ដែលរៀបចំកម្មវិធីនំបញ្ចុក មិនត្រូវប្រកាន់បក្ខពួកនោះទេ៕