Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋទូទាំងឃុំស្អាងភ្នំ ខេត្តកណ្តាល ជួបជុំគ្នាហូបនំបញ្ចុកតេជោសន្ដិភាពអស់ជាង ២តោន

09-06-2019 15:50

(កណ្ដាល)៖ ប្រជាពលរដ្ឋ និងព្រះសង្ឃទូទាំងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានជួបជុំគ្នាហូប និងឆាន់នំបញ្ចុកតេជោសន្ដិភាព យ៉ាងសប្បាយរីករាយអស់ប្រមាណ២៤៥០គីឡូក្រាម។ ពិធីនេះដឹកនាំដោយលោក អ៊ាវ ចំរើន ប្រធានក្រុមការងារចុះជួយឃុំស្អាងភ្នំ និងក្រុមការងារមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

កញ្ញា យុង ខេមរា អនុប្រធានក្រុមការងារចុះជួយឃុំស្អាងភ្នំបានថ្លែងថា ការទទួលទាននំបញ្ចុកទូទាំងឃុំស្អាងភ្នំ ទាំង៩ភូមិ មានអ្នកចូលរួមសរុប៦,២៨៥អង្គនាក់ ហើយរហូតមកដល់ពេលនេះ មិនទាន់បញ្ចប់នៅឡើយទេ ពោលក្រុមការងារមូលដ្ឋាន នៅទទួលកម្មករ កម្មការិនី រោងចក្រនៅពេលល្ងាចមួយពេលទៀត ដោយមិនប្រកាន់បក្សនយោបាយទេ។

ឆ្លៀតឱកាសនេះ ក្រុមការងាររបស់លោក អ៊ាវ ចំរើន ក៏បានយកនំបញ្ចុកជូនតាមផ្ទះ ដែលមានចាស់ជរា ជនពិកាពិបាកធ្វើដំណើរមកទទួលទានទៀតផងដែរ ហើយបន្ទាប់មកក្រុមការងារបានបន្ដ សំណេះសំណាលទទួលទាននំបញ្ចុកជុំក្រុមបាល់ទាត់ថែមទៀត។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕