(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ ចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

លោកបណ្ឌិត លី ឆេង បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, លោកក្នុងនាមជាតំណាងរាស្រ្ត បានដឹកនាំមន្ដ្រីរាជការ សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋនៅសង្កាត់ស្ពានថ្ម រៀបចំពិធីហូបនំបញ្ចុកសាមគ្គី។

សម្រាប់នៅថ្ងៃនេះដែរ បុគ្គលិកប៊ែលធី នៅការិយាល័យកណ្តាល នឹងទៅញ៉ាំនំបញ្ចុកនៅឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺផងដែរ។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕