(បាត់ដំបង)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារចូលរួមពិធីហូបនំបញ្ចុកតេជោសន្តិភាព នៅភូមិច្រាបក្រសាំង និងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានអ្នកចូលរួម ២៥០០នាក់។
លោក ប៊ុត សុធី តំណាងប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីនោះបានសំដែងនូវភាពសប្បាយរីករាយ និងអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានបង្កើតឲ្យមានកម្មវិធីហូបនំបញ្ចុកតេជោសន្តិភាព ដែលឆ្លុះបញ្ចាំងពីប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍សម្បូរសប្បាយ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាយើងបានបញ្ចប់បានទាំងស្រុងនូវសង្រ្គាមរ៉ាំរ៉ៃ ទទួលបាននូវសុខសន្តិភាព សេរីភាពប្រជាធិបតេយ្យ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងមានជីវភាពធូរធាសម្បូរសប្បាយ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា ថ្ងៃនេះយើងបានពិសារនំបញ្ចុកជាមួយពុកម៉ែ បងប្អូន គឺជានំបញ្ចុកសន្តិភាព សាមគ្គីភាព និងឯកភាពជាតិ កាន់តែរឹងមាំ ហើយក៏ជាការរំលឹកពីវប្បធម៌ចែករំលែករបស់ដូនតាយើងបានបន្សល់ទុកពីសម័យមុនតរៀងមក។
ក្នុងពិធីហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋ នៅឡឥដ្ឋរបស់លោក ប៊ុត សុធី, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានផ្តល់កិត្តិយសចែកនូវវត្ថុអនុស្សាវរីយ៍ជាក្រមាជូនបងប្អូនម្នាក់មួយផងដែរ៕