(បាត់ដំបង)៖ លោក ងួន រតន: អភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងលោក ងិន ឃន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
លោក ងួន រតនៈ បានថ្លែងថា ក្នុងយុទ្ធនាការហូបនំបញ្ចុកសាមគ្គីដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន សម្រាប់ខេត្តផ្ទាល់តែម្ដង ដើម្បីបង្ហាញពីការសាមគ្គីភាព ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមប្រជាពលរដ្ឋ បានថ្លែងព្រមៗគ្នាថា ពួកគាត់បានក្រោមពីព្រលឹមស្លៀកពាក់ស្អាតៗ ដោយទឹកមុខសប្បាយរីករាយ ដោយមានអ្នករៀបចំទឹកសម្លរចំនួន៣ប្រភេទ គឺសម្លរការី សម្លរណាំយ៉ា សម្លរខ្មែរ និងមានបន្លែធម្មជាតិស្រស់ៗ ដូចជាត្រយ៉ូងចេក ត្រសក់ សណ្តែក កន្ទុមថេត ត្រួយពោន ម្ទេសជាដើមសម្រាប់ការនិយមចូលចិត្តរៀងៗ ខ្លួនដែលបង្ហាញពីការសាមគ្គីគ្នា ប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះ ក្រុមចុងភៅបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃនេះ ពួកគាត់បានត្រៀមបន្លែ ត្រីសាច់តាំងពីល្ងាចមកម្លេះ និងក្រោកតាំងពីព្រលឹមដាំស្លរ រៀបចំនំបញ្ចុករៀបចំបន្លែ ដើម្បីទទួលថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទាំងអស់ចូលរួមហូបនំបញ្ចុកសន្តិភាពនេះឆ្ងាញ់ពិសារដោយសប្បាយរីករាយទាំងអស់គ្នាផងដែរ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕