(ភ្នំពេញ)៖ សហព័ន្ធត្រចៀកកាំកម្ពុជា បានរៀបចំកម្មវិធីរាត្រីសមោសរ ក្នុងគោលបំណងជួបជុំជាមួយ សមាជិក-សមាជិកាសហព័ន្ធ បងប្អូនអ្នកចិញ្ចឹមត្រចៀកកាំ និងបងប្អូនដែលកំពុងឈានជើងចូលក្នុងវិស័យនេះ បានស្វែងយល់ខ្លះៗ នូវបច្ចេកទេស ក្នុងការរៀបចំលំនៅឋាន របស់សត្វត្រចៀកកាំ និងការថែទាំ ការកែច្នៃ ផលិតផលទៅជាផលិតផលសំរេច ដើម្បីលក់នៅលើទីផ្សារ។
ពិធីនេះ មានការចូលរួមពីលោកឧកញ៉ា ណាង សុធី ប្រធានសហព័ន្ធត្រចៀកកាំកម្ពុជា, លោកស្រី កែ គឹមសែ ជំនួយការផ្ទាល់ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងមានការចូលរួម ពីអនុប្រធាន គណកម្មាធិការអចិន្ត្រៃ សហព័ន្ធត្រចៀកកាំកម្ពុជា សមាជិក-សមាជិកា នៃសហព័ន្ធត្រចៀកកាំកម្ពុជា ជាច្រើនរូប។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។
បើតាមលោកឧកញ៉ា ណាង សុធី ប្រធានសហព័ន្ធត្រចៀកកាំកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្តើមចាប់យកមុខរបរ អភិរក្សសត្វត្រចៀកកាំ លក្ខណៈគ្រួសារ នឹងចាប់ផ្តើមមានសន្ទះបំផុត ក្នុងឆ្នាំ២០១៨។ គោលបំណងធំបំផុត របស់សហព័ន្ធត្រចៀកកាំកម្ពុជា គឺអាជ្ញាប័ណ្ណនាំចូលផលិតផលសំបុកទឹកមាត់ត្រចៀកកាំ គ្រប់ប្រភេទទៅកាន់ទីផ្សារប្រទេសចិន។
លោកបានលើកឡើងថា សហព័ន្ធត្រចៀកកាំកម្ពុជា នឹងព្យាយាមជំនះគ្រប់ឧបសគ្គ នឹងត្រៀមខ្លួនជាស្រេច ក្នុងការសហប្រតិបត្តិការជាមួយគ្រប់ ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងឡាយ មិនត្រឹមតែបញ្ហា អាជ្ញាប័ណ្ណនាំចូលផលិតផល សំបុកទឹកមាត់ត្រចៀកកាំ ទៅប្រទេសចិននោះទេ បញ្ហាលិខិតបទដ្ឋានទាំងឡាយទាក់ទង នឹងការអភិរក្សពូជសត្វត្រចៀកកាំនេះ។
បើតាមរបាយការណ៍ របស់សហព័ន្ធត្រចៀកកាំកម្ពុជា បានឲ្យដឹងថា ផែនការងារសម្រាប់ ឆ្នាំ២០១៩នេះ រួមមាន៖
១៖ បន្តការងារជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៃសាធារណរដ្ឋ ប្រជាមានិតចិន ជំរុញការនាំចេញផលិតផលសំបុកទឹកមាត់ត្រចៀកកាំ។
២៖ រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមថែមទៀត ដើម្បីចែករំលែក ចំណេះជំនាញដល់សមាជិកសហព័ន្ធ។
៣៖ បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយ សមាគម និង សហព័ន្ធត្រចៀកកាំ លើពិភពលោកដើម្បីទទួលបានព័ត៌មានថ្មីៗ ជាពិសេស ព័ត៌មានអំពីតំលៃទីផ្សារ សំបុកទឹកមាត់ត្រចៀកកាំនៅលើទីផ្សារ ពិភពលោក ចែកជូនដល់សមាជិកសហព័ន្ធ។
៤៖ បន្តផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដល់សមាជិក និងបន្តជួយដោះស្រាយ រាល់ការលំបាកផ្សេងៗរបស់សមាជិក។
៥៖ ប្រមូលវិភាគទាន ឲ្យបានគ្រប់គ្រាន់សំរាប់ទ្រទ្រង់ សហព័ន្ធត្រចៀកកាំ។
សូមជម្រាបថា សហព័ន្ធត្រចៀកកាំកម្ពុជា ដែលបង្កើតឡើងនេះ ជាអង្គការឯករាជ្យមួយមិនចំណុះ គណបក្សនយោបាយ និងធ្វើសកម្មភាពជាផលប្រយោជន៍ ដល់សមាជិក។ សហព័ន្ធមានគោលដៅប្រមូលផ្តុំ អ្នករួមអាជីព ឬអ្នកមានវិជ្ជាជីវៈទាក់ទងគ្នាដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
សហព័ន្ធប្រចៀកកាំកម្ពុជាធ្វើសកម្មភាពជាផលប្រយោជន៍របស់សមាជិក កែច្នៃផលិតផលត្រចៀកកាំ ផ្គត់ផ្គង់សំភារៈសំរាប់កសាងផ្ទះត្រចៀកកាំ ប្រមូលទិញនិងចែកចាយផលិត-ផលត្រចៀកកាំ។ បង្កើតអោយមានវេទិកាសំរាប់សមាជិក ធ្វើការ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ដើម្បីផលប្រយោជន៍របស់សមាជិក៕