(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ តាមរយៈ Facebook សម្តេចបានចាត់ទុកការហូបនំបញ្ចុក ដែលកំពុងតែផុសផុលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានេះ គឺជាការពង្រឹងនូវសាមគីភាព និងលើកតម្កើងអត្តសញ្ញាណជាតិ។
ក្រៅពីទទួលទាននំបញ្ចុកសាមគ្គីភាព និងលើកតម្កើងអត្តសញ្ញាណជាតិហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវគុណប្រយោជន៍ បានពីការទទួលទាននំបញ្ចុកផងដែរ សម្រាប់សុខភាព។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «យើងហូបនំបញ្ចុកពង្រឹងសាមគ្គីភាព និងលើកតម្កើងអត្តសញ្ញាណជាតិ។ យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី «សញ្ញាណនំបញ្ចុកជាតិ» របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។ ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា»។
សូមជម្រាបថា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ឲ្យបងប្អូនជនរួមជាតិទទួលទាននំបញ្ចុកនោះ នៅថ្ងៃនេះប្រជាពលរដ្ឋទូទាំងប្រទេស បាននាំគ្នាពិសានំបញ្ចុកដោយឆ្ងាញ់ពិសា នូវក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍៕