(ភ្នំពេញ)៖ ការជួបជុំគ្នាទទួលនំបញ្ចុកទូទាំងប្រទេសនៅថ្ងៃនេះបានឆ្លុះបញ្ចាំងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំជាតិដ៏មានឥទ្ធិពលនៅក្នុងបេះដូងប្រជាជនកម្ពុជា។ នៅគ្រប់ ភូមិ ឃុំ ស្រុក ខេត្ត ក្រុង រាជធានី តាមផ្ទះ តាមរោងបុណ្យ កន្លែងពិធីរៀបការ នៅតាមការិយាល័យធ្វើការ តាមរោងចក្រ តាមក្រុមហ៊ុន តាមមណ្ឌលអង្គការ វត្តអារ៉ាម គឺប្រជាជនកម្ពុជាចាស់ក្មេង ស្រីប្រុស មន្ត្រីរាជការ ព្រះសង្ឃ យាយជីតាជី សិល្បៈករ តារាសម្តែង សិស្ស និស្សិត គ្រូបង្រៀន បុគ្គលិកពេទ្យ កម្មករ និយោជក បាននាំគ្នាទទួលទាននំបញ្ចុកខ្មែរយ៉ាងសប្បាយរីករាយ។
ការជួបជុំទទួលទាននំបញ្ចុកខ្មែរនៅទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ គឺធ្វើឡើងតាមរយៈការអំពាវនាវរបស់មេដឹកនាំជាតិ សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនស្មារតីសាមគ្គីជាតិ និងលើកតម្កើងតម្លៃម្ហូបអាហារដែលជាអត្តសញ្ញាណរបស់ខ្មែរយើង។ ការជួបជុំទទួលទាននំបញ្ចុកខ្មែរនៅពេលនេះ ក៏បង្ហាញអត្ថន័យធំធេងទាំងចលនាសេដ្ឋកិច្ចសង្គម បង្កើនស្មារតីរួបរួមសាមគ្គីជាតិ ហើយលើសពីនេះគឺមនោសញ្ចេតនាគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា ចំពោះថ្នាក់ដឹកនាំជាតិគឺ សម្តេចតេជោ ហ៊ុន សែន ពិតជាជ្រាលជ្រៅនិងធំធេង ហើយការគោរពស្រឡាញ់នេះកើតមានគ្រប់ស្រទាប់ គ្រប់វ័យ នៃប្រជាជនកម្ពុជា។
ទី១៖ ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ឲ្យប្រជាជនកម្ពុជាជុំគ្នាទទួលទាន នំបញ្ចុកនេះ គឺជា «វិធីដ៏ស័ក្តិសិទ្ធដេញខ្មោចនយោបាយ ដេញព្រាយ នយោបាយ និងដេញអាបនយោបាយ» ឲ្យចេញពីអារម្មណ៍ប្រជាជនកម្ពុជា កុំឲ្យមានការភិតភ័យបារម្ភ រើសអើង លាភពណ៌ ឬកេងចំណេញនយោបាយដោយសារត្រឹមតែការទទួលទាននំបញ្ចុកនោះ។ ពីថ្ងៃនេះទៅ នំបញ្ចុកខ្មែរ មិនមែនជាចំណាប់ខ្មាំងនយោបាយរបស់ពួកទុច្ចរិតណាមួយទេ។
ទី២៖ រូបភាពនៃការទទួលទាននំបញ្ចុក ហើយបង្ហោះតាមបណ្តាញសង្គម និង Facebook អាចឲ្យអ្នកនយោបាយមានគំនិតទុច្ចរិតយល់បានថា៖ កម្លាំងប្រជាជនកម្ពុជា ដែលស្រឡាញ់ការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានច្រើនធំធេងលើសលប់។ អ្នកមានសេរីភាពធ្វើនយោបាយ តែនយោបាយពិសពុលបំបែកបំបាក់សង្គមជាតិ គឺពិតជាអត់តម្លៃ ទាបថោក និងទៅមិនរួចទេ។
ទី៣៖ ការទទួលទាននំបញ្ចុកនៅថ្ងៃនេះ ក៏បានឲ្យយើងនឹកឃើញថា កន្លងមកថ្មីៗ ពួកទុច្ចរិត បានអន្ទងលួងប្រជាជនកម្ពុជាឲ្យ «ពាក់អាវខ្មៅ នៅថ្ងៃច័ន្ទ» ដើម្បីជាសញ្ញានៃការបណ្តុះកម្លាំងធ្វើបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា។ វិធីជ្រុលនិយម ងងិតងងុលរបស់ពួកគេបានបរាជ័យនិងរលំរលាយបាត់ទៅហើយ។ នំបញ្ចុកថ្ងៃនេះ នៅតែជាអាហាររបស់ខ្មែរ ជាអត្តសញ្ញាណខ្មែរ ហើយ មិនមែនជាអាហារនយោបាយដែលពួកទុច្ចរិតនៅក្រៅប្រទេសបង្កប់មនោគមន៍វិជ្ជា ពង្វក់ជាតិឯងឲ្យស្អប់គ្នានោះទេ។
ទី៤៖ យើងទទួលស្គាល់ថា នៅក្នុងសង្គមណា នៅប្រទេសណា ក៏មានពួកប្រឆាំងដែរ គឺមានពួកផ្កាប់មុខ និងពួកប្រឆាំងដែលជាឧប្បករណ៍បម្រើផលប្រយោជន៍បរទេស។ ពួកនេះ ទោះបីមានជាតិក្រោយ ក៏គ្មានថ្ងៃគេដូរចិត្តមករួបរួមនោះទេ។ នេះគឺជាឈាមរបស់គេពីកំណើត។ ប៉ុន្តែ បើគេព្រាត់ប្រាស់ទៅណា ក៏ជាវាសនារបស់គេទៅចុះ។ ល្បិចកលបំផ្លិចបំផ្លាញជាតិ បំផ្លាញការបោះឆ្នោត បំផ្លាញសេដកិច្ចជាតិ បំផ្លាញជីវភាពកម្មករ-កសិករ បំផ្លាញស្មារតីប្រជាធិបតេយ្យ អំពើអាណាធិបតេយ្យមិនគោរពច្បាប់ គឺពួកគេបានធ្វើរួចអស់ហើយ ហើយក៏បានបរាជ័យជាបន្តបន្ទាប់មកដែរ។ ដូច្នេះ ពួកគេព្រាត់ប្រាស់ទៅណាកាន់តែឆ្ងាយ គឺកាន់តែល្អចំពោះជាតិនិងប្រជាជន។
ជាថ្មីម្តងទៀត ការជួបជុំរបស់ប្រជាជនកម្ពុជាទទួលទាននំបញ្ចុនៅទូទាំងប្រទេសនៅថ្ងៃនេះ បានផ្ញើសារដ៏មានតម្លៃធំធេងខ្លាំងណាស់ថា៖ «ប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំលើមាគ៌ាដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា! ប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ត្រូវការសន្តិភាព និងចង់រស់នៅក្រោមម្លប់តេជោសន្តិភាព! ប្រជាជនកម្ពុជា ចង់ឃើញប្រទេសជាតិកាន់តែសម្បូរសប្បាយ រីកចម្រើន រុងរឿងតទៅមុខ»៕
ដោយ៖ សេនាជាតិ