(កណ្តាល)៖ ព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប៉ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំមន្រ្តីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋចំនួន៩៣ភូមិក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលទាននំបញ្ចុកសាមគ្គីជាតិ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕