(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានថ្លែងថា នៅព្រឹថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទូទាំង៤ក្រុង-ស្រុក និងគ្រប់ឃុំសង្កាត់ នាខេត្តព្រះសីហនុ គឺទាំងមន្ត្រីរាជការស៉ីវិល ស្ថាប័នកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអញ្ជើញជួបជុំគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីទទួលទាននំបញ្ចុកសាមគ្គី និងឯកភាពជាតិ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក យន្ត មីន ថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលលោកចូលរួមជាអធិបតីភាព ក្នុងពីធីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា ក្នុងវត្តព្រីងច័ន្ចបារមី ស្ថិតក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
អភិបាលខេត្តព្រះសីហនុ បន្តថា នៅតាមមូលដ្ឋានឃុំ-សង្កាត់ ក្រុង-ស្រុក នៅទូទាំងខេត្តព្រះសីហនុ គឺអាជ្ញាធរនៅតាមមូលដ្ឋាន ឬតាមស្ថាប័នអង្គភាពរៀងៗខ្លួន បានធ្វើពិធីជួបជុំទទួលទាននំបញ្ចុករួមគ្នា តាំងពីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា បន្តរហូតមកដល់អាហារថ្ងៃត្រង់ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។
លោកបន្តទៀតថា ការជួបជុំខ្លះត្រូវបានរៀបចំឡើង នៅតាមទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា នៅតាមឃុំ- សង្កាត់ ក្រុង -ស្រុក និងការជួបជុំខ្លះទៀត បានរៀបចំឡើងនៅតាមវត្តអារាម, តាមសាលារៀន និងតាមមន្ទីរអង្គភាពរៀងៗខ្លួន។
បើតាមលោក យន្ត មីន បន្ថែមថា ការជួបជុំទទួលទាននំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនានេះ បានធ្វើឡើងតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ទទួលទាននំបញ្ចុក ដែលជាអត្តសញ្ញាណជាតិខ្មែរ ជានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ បង្កើតព្រឹត្តិការណ៍ហូបនេះបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅសមាជិកគណបក្សប្រជាជនកម្ពុជា ដែលរៀបចំកម្មវិធីនំបញ្ចុក មិនត្រូវប្រកាន់បក្ខពួកនោះទេ៕