(កំពង់ចាម)៖ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ហូបនំបញ្ចុកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ គឺជានំបញ្ចុកតេជោសន្តិភាព សាមគ្គីភាព និងឯកភាពជាតិ ដែលនឹងជួយជំរុញចលនាប្រើប្រាស់ផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន។

លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព «ពិធីពិសានំបញ្ចុកសាមគ្គី» ដែលបានរៀបចំឡើងនៅក្នុងឃុំជ្រៃវៀន នៃស្រុកព្រៃឈរ និងឃុំបាធាយ នៃស្រុកបាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ប្រមាណជាង១,០០០ពាន់នាក់ ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គី និងការឯកភាពរវាងក្រុមការងារថ្នាក់ជាតិ ជាមួយអាជ្ញាធរ និងប្រជាជននៅក្នុងស្រុកទាំងពីរ។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីឧបាយកលទុច្ចរិត របស់មេដឹកនាំគណបក្សប្រឆាំង ដែលបានប្រើប្រាស់ចលនាហូបនំបញ្ចុក ដើម្បីរៀបចំផែនការបះបោរសម្ងាត់ និងបំបែកបំបាក់ជាតិជាថ្មី ជាពិសេសប្រឆាំងអាជ្ញាធរ និងបំពានសាលដីកាតុលាការកំពូល ដែលបានប្រកាសនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយសមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មការកណ្តាលនៃបក្សនេះចំនួន ១១៨នាក់។

លោកក៏បានលើកឡើងអំពីយុទ្ធសាស្ត្រ «យកពូថៅវាយបំបាក់បន្លា» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទប់ទល់នឹងមហិច្ឆតានយោបាយ ស្មោគគ្រោករបស់ក្រុមអតីតបក្សប្រឆាំង និងកម្ចាត់ចោលឧបាយកលទុច្ចរិតខាងលើ តាមរយៈការប្រកាសឲ្យសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុកនៅគ្រប់មូលដ្ឋានក្នុងថ្ងៃនេះ ដើម្បីបង្ហាញមហាកម្លាំងសាមគ្គីភាព និងការឯកភាពជាតិទូទាំងប្រទេស។

«នំបញ្ចុកមិនមែនរបស់បក្សប្រឆាំង ឬបក្សណាមួយទេ ហើយក៏មិនត្រូវយកនំបញ្ចុក ធ្វើជាបញ្ហានយោបាយដែរ! ខ្ញុំសូមប្រកាសបើកទូលាយឲ្យ សមាជិកសមាជិកាបក្សប្រជាជន ហៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងមកចូលរួមហូបនំបញ្ចុកជាមួយគ្នាបាន ឬអាចទៅហូបជាមួយគេវិញក៏បាន បើគេហៅ» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

បន្ថែមលើនោះ លោកក៏បានស្នើដល់មន្ត្រីសាខាកាំកុងត្រូលទាំងអស់ ធ្វើការយកចិត្តទុកដាក់ត្រួតពិនិត្យបញ្ហាសុវត្ថិភាពម្ហូបអាហារ ជាពិសេសនំបញ្ចុក និងបន្លែស្រស់ ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដើម្បីជៀសវៀងកុំឲ្យមានករណីនំបញ្ចុកមានជាតិពុល ឬផ្អូម ដែលអាចបង្កជាជំងឺរាគរូស និងហុចឱកាសដល់បក្សប្រឆាំង ធ្វើវិច្ឆេទកម្មតាមរូបភាពនេះ ដើម្បីកេងចំណេញផ្នែកនយោបាយ រួចទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕