(កំពងស្ពឺ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះជួយឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីជាតិ និងឯកភាពជាតិ ជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំសំបូរ ចំនួនប្រមាណ២០០នាក់។
លោក សោម អូន បានថ្លែងថា នំបញ្ចុកខ្មែរ ជារបស់ជាតិខ្មែរទូទាំងនគរ ដែលមិនអាចមានបុគ្គលនយោបាយណាមួយ យកធ្វើជាយុទ្ធសាស្ត្រ ក្នុងការបំបែកបំបាក់ជាតិខែ្មរ បានឡើយ។
លោកថា ព្រឹត្តិការណ៍ នៃការជួបជុំ ហូបនំបញ្ចុក របស់មហាគ្រួសារខ្មែរ ទូទាំងនគរ នៅថ្ងៃ៩ ខែមិថុនានេះ គឺជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងបង្រួបបង្រួមផ្សះផ្សាជាតិខ្មែរ ចៀសវាងជាតិខ្មែរ ត្រូវបែកបាក់ដោយបុគ្គលនយោបាយពិសពុល ដែលបានឆ្លៀតឱកាសយកនំបញ្ចុកធ្វើជាឧបករណ៍លាបពណ៌ រើសអើង ជាតិសាសន៍ និងបង្កើតឲ្យមានចលនាបះបោរ បំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាជនកម្ពុជាមួយនគរ។ បន្ទាប់ពីធ្លាប់ឆ្លងកាត់សង្រ្គាមរយៈពេលជាង៥០០ឆ្នាំ ខ្មែរត្រូវការរស់នៅក្នុងសុខសន្តិភាព សាមគ្គីជាតិ ឯកភាពជាតិអភិវឌ្ឍន៍ ដើម្បីមោទនភាពជាតិ និងអនាគតកម្ពុជា។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕