(ភ្នំពេញ)៖ «នំបញ្ចុកខ្មែរ» ដែលប្រជាពលរដ្ឋកំពុងទទួលទានរួមគ្នានៅទូទាំងប្រទេសនោះ ត្រូវបានជ្រើសរើសជាម្ហូបអត្តសញ្ញាណជាតិខ្មែរដ៏សំខាន់បំផុត ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ឬហៅថា Confference on Gastromony ដែលនឹងប្រារព្ធឡើងនាអំលុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។ នេះបើតាមលោក ថោង ខុន ដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែមិថុនានេះ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងយ៉ាងដូច្នេះថា «នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ (Confference on Gastromony) នោះ យើងនឹងបង្ហាញមុខម្ហូបអាហារខ្មែរ ក្នុងនោះយើងកំណត់យកនំបញ្ចុកជាធំជាម្ហូបតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ ក្រៅពីនោះមានម្ហូបអាហារខ្មែរមួយចំនួនទៀត ដូចជា សម្លម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោតជាដើម»។ នៅខែសីហាខាងមុននេះដែរ ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាមួយស្ដីពីពិព័រណ៍ម្ហូបអាហារនេះផងដែរ។
លោកបានបន្តថា ពិព័រណ៍ម្ហូបអាហារ ( Confference on Gastromony) នេះ មិនមែនត្រឹមតែដាក់តាំងម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងមានការបង្ហាញពីរបៀបចម្អិនម្ហូបអាហារ បច្ចេកទេសនៃការធ្វើឱ្យរសជាតិឈ្ងុយឆ្ងាញ់ អនាម័យ ផលប្រយោជន៍ចំពោះសុខភាព ក៏ដូចជាសោភ័ណភាពនៅលើមុខម្ហូបនីមួយៗផងដែរ។
លោកបានបញ្ជាក់ថា Confference on Gastromony នេះ ក៏ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយស្ថិតនៅក្នុងចង្កោម «ទេសចរណ៍វប្បធម៌» ផងដែរ ដែលជាទិសដៅនយោបាយទេសចរណ៍មួយ កំណត់ដោយរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ពីព្រោះម្ហូបអាហារ ក៏ជាវប្បធម៌របស់ប្រទេសនីមួយៗ ដែលភ្ញៀវទេសចរទូទាំងពិភពលោកតែងតែនិយមចូលចិត្ត និងចង់ដឹង ចង់ស្គាល់ ចង់ភ្លក្សនូវរសជាតិម្ហូបអាហារទាំងនោះ។
លោក ថោង ខុន បានអះអាងថា នៅលើពិភពលោក ទេសចរណ៍ និងម្ហូបអាហារនេះ គឺពិតជាមានសក្ដានុពលធំធេងណាស់ ហើយក៏ជានិន្នាការថ្មីដ៏សំខាន់របស់ភ្ញៀវទេសចរផងដែរ។
ចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ នាអំលុងខែកញ្ញា ឆ្នាំ២០១៩ នេះទៀតសោត លោករដ្ឋមន្ត្រីបានបន្តទៀតថា គឺធ្វើឡើងដើម្បីបង្ហាញពីមុខម្ហូបអត្តសញ្ញាណជាតិខ្មែរទៅដល់ភ្ញៀវទេសចរនានា ពិសេសគឺភ្ញៀវទេសចរអន្តរជាតិ និងដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក សំដៅរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត៕