(កំពង់ចាម)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល អមដំណើរដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម រួមនិងសហការី នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យដោយផ្ទាល់នូវគុណភាពនំបញ្ចុក, ប្រហុក, និងបន្លែផ្សេងៗ ស្ថិតក្នុងផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់អំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះហើយទើប ខាងអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះធ្វើការត្រួតពិនិត្យនូវគុណភាព ចំណីអាហារបន្លែ ផ្លែឈើ ដែលដាក់លក់នៅលើទីផ្សារ។
លោកបានបញ្ជាក់ថា កន្លងទៅមន្ត្រីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យលើទំនិញទាំងឡាយ ដែលបានដាក់លក់នៅលើទីផ្សារ។ ប៉ុន្តែសម្រាប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ គឺជាទិវាហូបនំបញ្ចុកសាមគ្គី ទូទាំងប្រទេស ដូច្នេះអគ្គនាយកដ្ឋានកាំកុងត្រូល បានចាត់មន្ត្រីចុះត្រួតពិនិត្យ មុនថ្ងៃធ្វើទិវាហូបនំបញ្ចុកនេះ ជាពិសេសផ្ដោតទៅលើប្រហុក នំបញ្ចុក និងបន្លែផ្សេងៗ ដែលមានដាក់លក់នៅលើទីផ្សារ ព្រោះជាងវាងការប្រើប្រាស់ សារជាតិគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។
លោកបានបន្ដទៀតថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យនំបញ្ចុក, ប្រហុក, បន្លែផ្សេងៗ លោកសង្កេតឃើញថា មានការសាទរពីប្រជាពលរដ្ឋ អាជីវករនៅក្នុងផ្សារ ដោយសារតែពួកគាត់ មានការយល់ដឹង ថាសកម្មភាពនេះ គឺជាការគិតគូរដល់សុខមាលភាពរបស់ពួកគាត់។ ម្យ៉ាងទៀត ប្រទេសជាតិអាចមានការអភិវឌ្ឍ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អផងដែរ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងដែរថា ទំនិញដូចជានំបញ្ចុក, ប្រហុក, និងបន្លែផ្សេងៗ ដែលបានយកទៅធ្វើការពិសោធន៍នោះ ជាលទ្ធផលមិនមានជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋឡើយ៕