(ស្វាយរៀង)៖ លោក សៅ សុវណ្ណី ត្រូវបានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានផ្លាស់ប្តូរពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំថ្នាធ្នង់ ឱ្យទៅធ្វើជាប្រធានក្រុមការងារចុះជួយឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងវិញ។
លោក សៅ សុវណ្ណី ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំបុសមន ស្រុករំដួល ដែលទើបប្រកាសថ្មីនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋនៅឃុំបុសមន ដើម្បីហូបនំបញ្ចុក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅស្នាក់ការគណបក្សឃុំបុសមន ដែលមានសមាជិកសមាជិការបក្សចូលរួមជាង ២០០នាក់ផងដែរ។
លោក សៅ សុវណ្ណី បានថ្លែងទៅកាន់សមាជិកបក្សថាថ្ងៃនេះ ពិតជាមានក្តីរំភើបឥតឧបមា ដែលបានមកជួបបងប្អូនប្រជាពលរដ្ឋនៅឃុំបុសមន ហើយក៏សូមពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែនឹករលឹកដល់សមាជិកសមាជិកាគណបក្សប្រជាជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនថានៅឃុំបុសមននោះទេ គឺនៅទូទាំងប្រទេសតែម្តង។
លោក សៅ សុវណ្ណី បានបញ្ជាក់ថា ក្នុងនាមលោកជាប្រធានក្រុមការងារចុះជួយឃុំបុសមន លោកនឹងបន្តបេសកម្មការងារបក្សនិងខិតខំពង្រឹងបក្ស គឺធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿ មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រ និងគៀងគរសមាជិកបក្ស ឱ្យបានច្រើនបន្ថែមទៀត។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានស្ថិតស្ថេរ យូអង្វែងជាប្រយោជន៍រួមនៅមូលដ្ឋាន។
លោក សៅ សុវណ្ណី បានបន្ថែមទៀតថាថ្ងៃនេះ ក៏មានការរៀបចំទទួលទាននំបញ្ចុកខ្មែរ ជូនដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំបុសមន បានពិសារមួយពេលផងដែរ ដើម្បីរួមគ្នា ក្នុងគោលដៅសាមគ្គីភាព និងឯកភាពជាតិហើយ ការហូរនំបញ្ចុកមិនមែនជាការបំបែកបំបាក់ជាតិនោះទេ៕