(កែប)៖ លោក កែន សត្ថា អភិបាលខេត្តកែប បានរៀបចំពិធីហូបនំបញ្ចុកនៅគ្រប់ទូទាំងមូលដ្ឋាននៃខេត្តកែប ដែលមានឈ្មោះថា «នំបញ្ចុកតេជោសន្តិភាព» នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីបញ្ជាក់អំពីសាមគ្គីភាព និងឯកភាពជាតិ។
លោក កែន សត្ថា អភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំសមាជិក សមាជិកា និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការហូបនំបញ្ចុកតេជោសន្តិភាព ដែលរៀបចំនៅមន្ទីរគណបក្សខេត្តប្រមាណជាង ២០០០នាក់ និងបន្តបន្ទាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្តកែប។
ដោយឡែក មហាជន ប្រជាពល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ បានស្វាគមន៍ និងចូលរួមយ៉ាងផុលផុស មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងពិធីហូបនំបញ្ចុកនេះ។
លោកអភិបាលខេត្ត ដោយបានឃើញទិដ្ឋភាពនូវពិធីជួបជុំ ហូបនំបញ្ចុកយ៉ាងសប្បាយ លោកបានថ្លែងរំភើបរីករាយ និងមោទនៈភាព យ៉ាងក្រៃលែង ដោយបានឃើញសមាជិក សមាជិកា និងប្រជាពលរដ្ឋ ក្នុងដែនដីរបស់ខ្លួនពិសានំបញ្ចុកប្រកបដោយការសាមគ្គីភាព និងសហការគ្នាបានល្អ ប្រកបដោយឆន្ទះស្រឡាញ់រាប់អាន និងយោគយល់គ្នា៕