(តាកែវ)៖ លោក ច័ន្ទ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រគេនចង្ហាន់នំបញ្ចុកដល់ព្រះសង្ឃ និងរៀបចំពិធីហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋនៅស្រុកត្រាំកក់ ខេត្តតាកែវ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដែលជាការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
តំណាងរាស្ដ្រ ច័ន្ទ សារុន ក្នុងឱកាសនោះបាននាំនូវប្រសាសន៍អំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះពលរដ្ឋទាំងអស់ សូមពិសានំបញ្ចុកសាមគ្គីជាតិ ដោយភាពសប្បាយរីករាយ និងពង្រឹងស្មារតីរួបរួមស្នេហាជាតិ សាមគ្គីជាធ្លុងមួយទូទាំងប្រទេស ក្នុងនាមជាឈាមជ័រខ្មែរតែមួយ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕