(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងលោកស្រី នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីដែលមានប្រជាពលរដ្ឋជាង ២,០០០នាក់ ចូលរួមនៅក្នុងវត្តឥន្ធកោសី ហៅវត្តកោះជ្រូក ស្ថិតក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងលើកអំពីប្រវត្តិនៃការធ្វើនំបញ្ចុកបរិភោគ ដោយលោកមិនចាំអំពីសម័យកាលណានោះទេ ប៉ុន្តែដំណើរថាមានកសិករពីរនាក់រស់នៅក្នុងតំបន់បឹងទន្លេសាប នៃប្រទេសកម្ពុជា បានផ្ដួចផ្ដើមធ្វើនំបញ្ចុកនេះមុនគេដល់ហេតុថា កាលសម័យនោះគាត់ដាំស្រូវដែលរឹង ចម្អិនបាយលំបាកបរិភោគ បន្ទាប់មកគាត់ក៏បានច្នៃប្រឌិតយកអង្ករទៅធ្វើជានំបញ្ចុកហូបជាបន្តបន្ទាប់ រហូតដល់រាជកុមារបានសោយនំបញ្ចុកនោះដែរ រហូតនំបញ្ចុកនេះបានល្បីល្បាញនៅក្នុងប្រទេសកម្ពុជា មកដល់សព្វថ្ងៃនេះ។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ពិធីហូបនំបញ្ចុកជុំគ្នានៅពេលនេះ អាចនិយាយបានថា ការហូបនំបញ្ចុកសាមគ្គីជាតិ និងឯកភាពជាតិ ហើយពិធីហូបនំបញ្ចុកក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងទូទាំងប្រទេសកម្ពុជាផងដែរ៕