(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ជាពិសេសមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចូលរួមពិសារនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃនេះនៅទូទាំងខេត្តកំពង់ស្ពឺ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ បាននាំគ្នាហូបនំបញ្ចុកទាំង ទឹកមុខញញឹមស្រស់ស្រាយ ដោយចាត់ទុកជាការហូបនំសាមគ្គីនៅទូទាំងប្រទេស។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានគេឃើញដើរសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយព្រះសង្ស មន្ត្រីរាជការ ប្រជាពលរដ្ឋ នៅតាមកន្លែងដែលរៀបចំហូបនំបញ្ចុកផងដែរ។
លោកអភិបាលខេត្ត បានថ្លែងក្តីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែង ដោយបានឃើញអ្នកទាំងអស់ពិសារនំប្រកបដោយការសាមគ្គីភាព និងសហការប្តូរយោបល់គ្នាពីស្ថាប័នមួយ ទៅស្ថាប័នមួយ ពីពលរដ្ឋភូមិមួយទៅភូមិមួយ ប្រកបដោយឆន្ទះស្រឡាញ់រាប់អានគ្នា និងយោគយល់គ្នាខ្ពស់។
លោកអភិបាលបានបញ្ជាក់ថា នំបញ្ចុកពិតជាបានធ្វើឲ្យពលរដ្ឋស្គាល់គ្នាកាន់តែច្បាស់ ស្គាល់សន្តិភាពកាន់ខ្លាំង រឹតចំណងសាមគ្គីភាពកាន់ស្អិតរមួតថែមទៀត និងសូមគាំទ្រចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងបញ្ចូលនំបញ្ចុកទៅក្នុងបញ្ជីបីតិកភ័ណ្ឌពិភពលោកផងដែរ៕