(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ដ្រមណ្ឌលកំពត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋប្រមាណជិត ៤០០នាក់ ដែលរៀបចំជួបជុំគ្នា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងបន្តបន្ទាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
ដោយឡែក មហាជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ នៅទូទាំងខេត្តបានស្វាគមន៍ និងចូលរួមយ៉ាងផុលផុស មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងពិធីហូបនំបញ្ចុកនេះ ដោយគាំទ្រ និងអនុវត្តនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ប៉ែន ស៊ីម៉ន ដោយបានឃើញទិដ្ឋភាពនូវពិធីជួបជុំ ហូបនំបញ្ចុក យ៉ាងសប្បាយរីករាយ លោកបានថ្លែងរំភើបរីករាយ និងមោទនភាព យ៉ាងក្រៃលែង ដោយបានឃើញសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ ពិសារនំបញ្ចុកប្រកបដោយការសាមគ្គីភាព និងសហការគ្នាបានល្អ ប្រកបដោយឆន្ទះស្រឡាញ់រាប់អាន និងយោគយល់គ្នាខ្ពស់។
លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថា ការហូបនុំបញ្ចុកសាមគ្គីនេះ គឺបង្ហាញអំពីការសាមគ្គីភាព និងការរួបរួមគ្នា ដើម្បីលើកតម្លើងនំបញ្ចុកខ្មែរ ព្រមទាំងរួមគ្នាថែរក្សាសន្តិភាព ដែលកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕