(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ បានដឹកនាំក្រុមការងារ សិស្ស និស្សិត និងប្រជាពលរដ្ឋ បានរៀបចំកម្មវិធីពិសានំបញ្ចុកសាមគ្គីជាតិនៅមូលដ្ឋានរៀងៗខ្លួន ក្នុងក្រមខណ្ឌដែលប្រទេសជាតិ កំពុងមានសុខសន្តិភាពពេញផ្ទៃប្រទេស។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ បានលើកឡើងថា ការហូបនំបញ្ចុកនេះ គឺដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ ភាពសុខុម និងការឯកភាពជាតិ ដែលជាអត្ថន័យដ៏ធំធេង សម្រាប់មាតុភូមិកម្ពុជាទាំងមូល ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕