(កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅទូទាំង១៥ ឃុំក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម និង ០៧ឃុំក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំទិវាពិសានំបញ្ចុកសាមគ្គីជាមួយ សមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុកចុះជួយឃុំ ក្រុម ប្រឹក្សាឃុំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ប្រជាការពារ និងប្រជាពលរដ្ឋយ៉ាងអធិកអធមក្រៃលែង។
ដោយឡែក នៅព្រឹកថ្ងៃនេះ លោក វេង សាខុន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ និងលោកស្រី ម៉ក់ ស៊ីថា អមដំណើរដោយសហការី បានអញ្ជើញចូលរួមពិសានំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំវិហារធំ និងឃុំកោះរកា។
ក្នុងឱកាសជួបជុំពិសានំបញ្ចុកសាមគ្គីនេះ ក្នុងនាមប្រធានក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងជូនពរឲ្យបងប្អូនទាំងអស់ជួបតែពុទ្ធិពរទាំង៤ប្រការ។
លោកក៏បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខអំពីជីវភាព សុខភាព ការងារបង្កបង្កើនផល សន្តិខុស និងសុវត្ថិភាពភូមិឃុំ និងបានដោះស្រាយនូវសំណូមពរ និងសំណើមួយចំនួនពីប្រជាពលរដ្ឋទាក់ទងនឹងការកសាង អភិវឌ្ឍ និងការពង្រឹងសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។
ដោយឡែកទិវាពិសានំបញ្ចុកសាមគ្គីនាថ្ងៃនេះ លោកបានសង្ខេបជូនបងប្អូនប្រជាពលរដ្ឋជ្រាប នូវអត្ថន័យជារួមថា កម្មវិធីមានបំណងសំខាន់គឺ÷ ទី១. យកឱកាសនេះអញ្ជើញបងប្អូនឲ្យមកជួបជុំ ដើម្បីធ្វើការសន្ទនាគ្នាអំពីសេចក្តីសុខ ចម្រើន និងបញ្ហាជីវភាពគ្រួសារប្រចាំថ្ងៃ។ ទី២. បង្កើត និងពង្រឹងសាមគ្គីភាព ឯកភាពជាតិក្នុងរង្វង់មហាគ្រួសារខ្មែរ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ទី៣. បង្កើន ឬឲ្យតម្លៃទៅលើផលិតផលបន្លែបង្ការក្នុងស្រុក និងទី៤. រួមគ្នាថែរក្សា និងអភិរក្សនំបញ្ចុកដែលជានំរបស់ខ្មែរ ហើយដែលជានំខ្មែរយើងនិយមបរិភោគស្ទើរ តែគ្រប់កម្មវិធីបុណ្យទានផ្សេងៗ។
ចំពោះកម្មវិធីនាថ្ងៃនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ស្មានរតីទទួលខុសត្រូវរៀបចំពិធីនេះ ឡើងបានយ៉ាងល្អប្រសើរ និងទទួលជោគជ័យ។ សកម្មភាពនេះ ស្តែងចេញឲ្យឃើញពីការរួបរួមសាមគ្គី និងឯកភាពគ្នាជាធ្លុងមួយរវាង អ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូននៅមូលដ្ឋានផ្ទាល់។
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ក្នុងការទទួលទាននំបញ្ចុក លោកបានក្រើនរំលឹកជូនមន្រ្តីមូលដ្ឋានឲ្យយកចិត្តទុកដាក់ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងត្រូវរួមគ្នាថែរ ក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពភូមិឃុំឲ្យកាន់តែល្អប្រសើរថែមទៀត៕