(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចូលថ្វាយបង្គុំ ប្រគេនទ័យទាន និងចង្ហាន់នំបញ្ចុក ថ្វាយសម្ដេចព្រះ អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះ មហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រគេនចង្ហាន់នំបញ្ចុក ដល់ព្រះសង្ឃក្នុងវត្តឧណ្ណាលោមទាំងអស់ ដើម្បីជាការឧទ្ទិសបុណ្យកុសលដល់បុព្វការីជន ដែលបានលះបង់សាច់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានចូលរួមពិសារនំបញ្ចុកជាមួយក្រុមសិស្ស-និសិ្សតក្មេងវត្ត ក្រោមការរៀបចំដោយលោក ប៊ិន ស៊ីនាថ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងអនុប្រធានសមាគមន៍សិស្សនិស្សិតបញ្ញាវន្ត័ក្មេងវត្ត វត្តមានប្រមាណ៦០០នាក់ នៅក្នុងបរិវេនវត្តឧណ្ណាលោម ដើម្បីបង្ហាញពីសាមគ្គីភាព ឯកភាពជាតិ ក្នុងមហាគ្រួសារខ្មែរតែមួយ។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕