(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ បានអញ្ជើញជួបសំណេះសំណាល និងទទួលទាននំបញ្ចុកសាមគ្គីជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកក្រូចឆ្មារ ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដែលជាការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងឱកាសនោះពាំនាំនូវប្រសាសន៍អំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះពលរដ្ឋទូទាំងប្រទេសទាំងអស់ ពិសារនំបញ្ចុកសាមគ្គីជាតិដោយភាពសប្បាយរីករាយ និងពង្រឹងស្មារតីរួបរួមស្នេហាជាតិ សាមគ្គីជាធ្លុងមួយទូទាំងប្រទេស ក្នុងនាមជាឈាមជ័រខ្មែរតែមួយ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕