(បាត់ដំបង)៖ ក្រុមការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកសំឡូត ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសសមាសភាពរបស់ខ្លួន មុននឹងអនុវត្តការងារតាមតួនាទី។
ក្រុមការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកសំឡូត មានសមាសភាពសរុប៤៥រូប ដែលមានលោក ឈុំ សុជាត អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធាន, លោក សើ សាម៉េត អភិបាលស្រុកសំឡូត ជាអនុប្រធានអចិន្រ្តៃយ៍ និង លោក អេង ហុង មេបញ្ជាការរងយោធភូមិភាគទី៥ ជាអនុប្រធាន។
ក្រុមការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ នឹងចំណែកជំរុញការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៦ នៃរដ្ឋសភា។
ក្រោយពីរៀបចំប្រកាសសមាសភាពនេះហើយនោះ នៅព្រឹកថ្ងៃអាទិត្យនេះ លោក ឈុំ សុជាត ប្រធានក្រុមការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកសំឡូត ក៏បានរៀបចំកម្មវិធីទទួលទាននំបញ្ចុកសាមគ្គី និងឯកភាពជាតិ នៅមូលដ្ឋានឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីអបអរ និងជប់លាងជូនប្រជាពលរដ្ឋតែម្តង។
កម្មវិធីនេះមានការចូលរួមដោយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ឃុំតាសាញ់ជាច្រើននាក់ ដោយបានទទួលទាននំបញ្ចុកខ្មែរប្រកបដោយបរិយាកាសសប្បាយរីករាយ ដែលស្តែងឱ្យឃើញអំពីការសាមគ្គីភាព និងឯកភាពជាតិ នៅក្នុងសង្គមខ្មែរ។
មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ លោក ឈុំ សុជាត បានថ្លែងអំណរគុណដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទទួលទាននំបញ្ចុកសាមគ្គីនៅឃុំតាសាញ់នាពេលនេះ។ លោកអះអាងថា នៅថ្ងៃនេះ ការទទួលទាននំបញ្ចុក គឺបង្ហាញអំពីស្មារតីរួបរួមជាតិ និងគាំទ្រផលិតផលខ្មែរ មិនមែនបែកបាក់ជាតិ ដូចអ្វីដែលក្រុមជ្រុលនិយមប្រកូកប្រកាសឡើយ។
ព្រឹត្តិការណ៍ទទួលទាននំបញ្ចុក នៅថ្ងៃអាទិត្យនេះ ត្រូវបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីបំផុតស្មារតីប្រជាពលរដ្ឋឱ្យគាំទ្រផលិតផលខ្មែរ ហើយចៀសផុតពីឧបាយកលរបស់ក្រុមប្រឆាំងប្រឆាំង ដែលធ្វើឱ្យខូចឈ្មោះនំបញ្ចុកខ្មែរ តាមរយៈការដាក់ចេញយុទ្ធនាការហូបនំបញ្ចុក រៀបចំផែនការគាំទ្រ លោក សម រង្ស៉ី។
ដោយមើលឃើញអំពីការប្រើប្រាស់យុទ្ធនាការហូបនំបញ្ចុក ក្នុងគោលដៅទុច្ចរិតបែបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្វែរព្រឹត្តិការណ៍ហូបនំបញ្ចុកទៅជារឿងល្អឡើងវិញ ក្នុងគោលដៅសាមគ្គី និងឯកភាពជាតិ។ សម្តេចបានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិបានទេ៕