(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីភាព រួមគ្នារវាងថ្នាក់ដឹកនាំ និងបុគ្គលិកក្រោមឱវាទទាំងអស់ ដើម្បីសំដែងនូវការថ្លែងអំណរគុណដល់បុគ្គលិក ដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្តក្នុងការបំពេញការងារ ជូនស្ថាប័នឲ្យមានការរីកចំរើន។ ទន្ទឹមនេះ ក៏ដើម្បីបន្តរឹតចំណងសាមគ្គីភាព រវាងថ្នាក់ដឹកនាំ និងនិយោជិតគ្រប់លំដាប់ថ្នាក់ ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតផងដែរ។
លោក កៅ ថាច បានថ្លែងទៅកាន់និយោជិតថា ការរៀបចំកម្មវិធីជប់លាងហូបនំបញ្ចុកនៅព្រឹកនេះ ដោយអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឲ្យមានការជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។
លោកបន្ដទៀតថា ក្នុងនោះ បានធ្វើការចែករំលែកនូវបទពិសោធន៍ថ្មីៗ ចំពោះសភាពការនយោបាយរបស់ប្រទេសកម្ពុជា និងបានផ្តល់អនុសាសន៍ ចំពោះកិច្ចការមួយចំនួន ដែលនិយោជិតត្រូវបំពេញ និងត្រូវអភិវឌ្ឍន៍ខ្លួន និងសមត្ថភាព ចំណេះដឹងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការកំណែទម្រង់ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងប្រទេសជាតិ។
លោកថា ដោយការងារនៅធនាគារមានចំនួនច្រើន និងមរមារញឹកជាហេតុធ្វើឲ្យបុគ្គលិកម្នាក់ៗ មានភារកិច្ចដែលត្រូវបំពេញរៀងៗខ្លួន ហេតុនេះធ្វើឲ្យគំលាតនៃការជួបគ្នា រវាងថ្នាក់ដឹកនាំ និងនិយោជិតនៅឆ្ងាយពីគ្នា។ ដូចនេះការរៀបចំកម្មវិធីនៅព្រឹកនេះ គឺដើម្បីឲ្យមានការជួបជុំគ្នា រវាងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ ក៏ដួចជាបន្តរឹតចំណងសាមគ្គីភាព ឲ្យកាន់តែរឹងមាំ និងស្អិតរមួតបន្ថែមទៀត។
លោកបន្ដទៀតថា ទន្ទឹមនេះ ការហូបនំបញ្ចុកនៅព្រឹកនេះ យើងទាំងអស់គ្នាហូបបណ្តើរញញឹមដាក់គ្នាបណ្តើរ ដោយក្តីសោមនស្សរីករាយ ហើយបន្ទាប់ពីនេះ យើងនឹងបំពេញការងារជូនស្ថាប័ន ឲ្យកាន់តែក្លាំងក្លា និងមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត។
លោក កៅ ថាច ក៏បានអំពាវនាវដល់បុគ្គលិកក្រោមឱវាទទាំងអស់គ្នាថា ថ្ងៃនេះ ជាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ យើងទាំងអស់គ្នាបានជូបជុំគ្នាហូបនំបញ្ចុក ដែលនំបញ្ចុកនេះ គឺជានំសន្តិភាព ហើយពួកយើងហូបនំក្រោមម្លប់សន្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកថា ដូចនេះពួកយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រទេសជាតិមានសុខដុមរម្យនា និងការអភិវឌ្ឍជាតិថ្កុំថ្គើនជានិរន្ត។ លោកបន្ដថា នៅឆ្នាំក្រោយបើមានឱកាស ពួកយើងនឹងនឹងធ្វើការរៀបចំកម្មវិធីជប់លាងហូបនំបញ្ចុកសាមគ្គីភាព ក្រោមម្លប់តេជោសន្តិភាព រវាងថ្នាក់ដឹកនាំ នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការីម្តងទៀត និងបន្តបន្ទាប់៕